header ads

Sponsor

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសន្យាថា នឹងលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីអោយអស់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែល្បែងទាំងនេះ ធ្វើអោយក្មេងៗសិស្សានុសិស្សគេចសាលារៀន ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ។

លោក ឃួង ស្រេង បានសន្យាបែបនេះ កាលពីព្រឹកថ្ងៃទី១ វិច្ឆិកា ២០១៩ ខណៈដែលលោកនិងលោកស្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ និង ពិធីចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមលោកជាអាជ្ញាធរដែនដីរាជធានីភ្នំពេញ លោកសន្យាថា នឹងលុបបំបាត់ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីឲ្យអស់នៅក្នុងរាជធានីភ្នំពេញ ព្រោះវាបានធ្វើអោយសិស្សានុសិស្សគេចសាលារៀន។ ដូច្នេះទេអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវមានវិធានការលុបបំបាត់ល្បែងប្រភេទនេះអោយអស់ពីក្នុងអាណាចក្ររបស់ខ្លួន។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះយើងបានអនុវត្តរួចហើយ ជុំវិញការបង្រ្កាបល្បែងហ្គេមបាញ់ត្រីនេះ ហើយរាល់ការបង្ក្រាប កម្លាំងមានសមត្ថកិច្ចរបស់យើង បានត្រឹមតែដកហូតទូរហ្គេមនិងបិទទីតាំងប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះតទៅយើងត្រូវតែមានវិធានការក្តៅជាងមុន ពោលគឺត្រូវចាប់ម្ចាស់ទូរហ្គេមនោះអោយបាន ទោះជាអ្នកមើលការខុសត្រូវស៊ីប្រាក់ខែគេក៏ដោយ យើងត្រូវតែឃាត់យកមកសួរនាំ ដើម្បីឈានទៅដល់ការចាប់ម្ចាស់ទូរហ្គេមមកដាក់ទោសទៅតាមច្បាប់។

ក្រៅពីការសន្យា លើការបង្ក្រាបល្បែងស៊ីសងអោយខាងតែបានហើយនោះ ពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ជាចំណុចដែលអាជ្ញាធររាជធានីភ្នំពេញ មានវិធានការបង្ក្រាបយ៉ាងពេញទំហឹងផងដែរ ពោលគឺធ្វើយ៉ាងណាអនុវត្តអោយបាននូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post