header ads

Sponsor

មណ្ឌលគិរីៈ ដីព្រៃនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ “ដំណាក់ស្តេច” ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងឈានទៅរកការបាត់បង់ ខ្ទង់រយហិកតា ដោយសារលោក ហ៊ាង ឆៃលី អ្នកមានលុយម្នាក់ ក្នុងខេត្តមណ្ឌលគិរី វាទី និងរំលោភទន្រ្ទានក្លែងឯកសារបន្លំ ក្តោបយកដីព្រៃរបស់រដ្ឋមិនក្រោម៥០ហិកតា មកកាន់កាប់ផ្ទាល់ខ្លួនដោយមិនញញើតអាជ្ញាធរខេត្ត ក្រុង និងគ្មានការរំខានពីមន្រ្តីជំនាញណាឡើយ។

បើតាមប្រភពព័ត៌មានពី​ប្រជាសហគមន៍នៅតំបន់នេះ បាន​ឲ្យដឹងថា ដីដែលលោក ឆៃលី មានដំបូង គឺបានមកពីដូរម៉ាស៊ីនត្រង់សឺន័រ(ម៉ាស៊ីនកាត់ឈើ)ជាមួយប្រជាពលរដ្ឋចំនួន៣ហិកតា។ ជាបន្តបន្ទាប់មកទៀត លោក ហ៊ាង ឆៃលី បានបន្តទិញ ឬដូរដីជាមួយប្រជាពលរដ្ឋបន្តទៀតជាមួយសម្ភារៈខ្លួន លោក ឆៃលី ក៏​បានដីក្នុងតំបន់ទឹកធ្លាក់ដំណាក់ស្តេចចំនួនប្រហាក់ប្រហែល៣ទៅ៤ហិកតាថែមទៀត សរុបដីរបស់លោក ហ៊ាង ឆៃលី ទាំងមុនទាំងក្រោយ ដែលមានលិខិតស្នាមអាចមិនលើសពី៦ទៅ៧ហិកតាប៉ុណ្ណោះទេ​។

ប្រជាសហគមន៍ បន្តថា តែសព្វថ្ងៃនេះលោក ហ៊ាង ឆៃលី បានក្លែងឯកសារបន្លំ វាទីរំលោភយកដីព្រៃរដ្ឋនៅក្នុងតំបន់មណីយដ្ឋានទឹកធ្លាក់ដំណាក់ស្តេច ត្រង់ចំណុចខាងត្បូងទឹកធ្លាក់តាមបណ្តោយអូរទឹកធ្លាក់ប្រមាណជាជាង៥០ហិកតាបន្ថែមទៀត ដែលទីតាំងដីដែលលោក ឆៃលី វាទីរំលោភយកមកកាន់កាប់នេះ គឺជាដីព្រៃរបស់រដ្ឋ និងជាកន្លែងអ្នកទេសចរមកកម្សាន្ត។ ហើយដីព្រៃនៅទីតាំងនេះ វាក៏ជាដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃសីមា គ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីទៀតផង។

មហាជនទូទាំងខេត្តមណ្ឌលគិរី បានធ្វើការសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង មន្រ្តីជំនាញបរិស្ថាន ឬខាងរដ្ឋបាលព្រៃឈើ ចុះស្រាវជ្រាវដល់ទីតាំងដីព្រៃរបស់រដ្ឋនៅចំណុចខាងលើនោះផង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គល ដែលបានប្រព្រឹត និងរឹបអូសដីព្រៃរដ្ឋយកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។

មហាជនទូទាំងខេត្តមណ្ឌលគិរី កំពុងរង់ចាំមើលអាជ្ញាធរមានសត្ថកិច្ចថាតើ បន្ទាប់ពីធ្វើការស្រាវជ្រាវលើករណីរបស់លោក ហ៊ាង ឆៃលី ឃើញថា មានការក្លែងឯកសារមែននោះ តើច្បាប់អាចចាត់វិធានការលើបុគ្គលអ្នកមានលុយម្នាក់នេះបានឬទេ?។

ជុំវិញបញ្ហានេះ លោក ង៉ិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានប្រាប់ថា លោកអត់ដឹងទេឲ្យសួរទៅខេត្ត។

ដោយឡែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា លោកនិងចាត់ចែងបញ្ជាឲ្យលោកនាយកដែនជម្រកសត្វព្រៃសីមាឲ្យចុះស្រាវជ្រាវករណីនេះជាបន្ទាន់ រាយការណ៍ជូនខេត្ត និងចាត់វិធានការណ៍បន្ត។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា រូបលោកផ្ទាល់ និងដឹកនាំមន្រ្តីជំនាញនិងអង្គភាពពាក់ព័ន្ធទាំងអស់ ចុះទៅស្រាវជ្រាវទីតាំងនោះថាតើ ការចុះហត្ថលខាលក់ ទិញ របស់មេភូមិមេឃុំនៃករណីដីធ្លីនៅទីតាំងនោះកើតឡើងក្នុងឆ្នាំណា ហើយលោកអភិបាលខេត្តលើកឡើងថា ទោះចុះហត្ថលេខារបស់មេភូមិ មេឃុំ ក្នុងអំឡុងឆ្នាំណាក៏ដោយ បើសិនវាជាផ្ទុយពីច្បាប់អនុញ្ញាត លោកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ រាល់ករណីដីធ្លី ការរុករាន ទន្រ្ទាន វាទីរំលោភដោយខុសច្បាប់ ឬឯកសារមិនប្រក្រតី ជាពិសេសការក្លែងឯកសារបន្លំមែន ខេត្តនឹងសម្រេចរឹបអូសដកហូតមកទុកជាសម្បត្តិរដ្ឋវិញ និងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post