header ads

Sponsor

កំពតៈ ទន្ទឹមនឹងនេះ ផ្លូវក្នុងខេត្តកំពតជាច្រើនខ្សែ ត្រូវបាន​ខូចជាបន្តបន្ទាប់ ហើយលោក ជី ញ គួង មិនយកចិត្តទុកដាក់ជួសជុល ឬស្ថាបនាឡើងវិញ ប្រកបដោយគុណភាពនោះទេ រួច បែរជាបន្ទោសទៅលើទឹកភ្លៀង ដោយឥតអៀនខ្មាស។

សម្រាប់លោក ជីញ គួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត ដែលល្បីល្បាញ ខាងពុករលួយ និងអសកម្មការងារដែរនោះ មិនទាន់ឃើញលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការផ្លាស់ប្ដូរតំណែងនៅឡើយទេ។ ប្រការនេះហើយ ទើបលោក ជីញ គួង កាន់តែបានចិត្ត ក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយផ្លូវជាតិលេខ៣៣ អា និងផ្លូវជាតិលេខ៣ ក៏ដូចជាផ្លូវជាច្រើនខ្សែក្នុងក្រុងកំពតជួសជុលខាងមុខខូចខាងក្រោយ ដោយធ្វើឲ្យការចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្លាយជារឿងឥតប្រយោជន៍។

ប្រភពពីមន្ត្រីរាជការ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំ ទើបលោកប្រធានមន្ទីរសាធារណការខេត្តកំពត ប្រព្រឹត្ត អំពើពុករលួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។

ហេតុនេះហើយ ទើបមជ្ឈដ្ឋាននានា ជំរុញឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការ ដកហូតតំណែងលោក ជីញ គួង ឲ្យបានកាន់តែឆាប់ កាន់តែ ប្រសើរ ដោយមិនត្រូវទុកមន្ត្រីល្បីខាងពុករលួយ និងអសមត្ថភាព ដូចលោក ជីញ គួង ឲ្យនៅ លំអខេត្តកំពត បន្តទៀតនោះទេ។

ប្រភពដែលស្និទ្ធ នឹងលោក ជីញ គួង ប្រធានមន្ទីរសាធារណការ ខេត្តកំពត បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក ជីញ គួង ហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយច្រើនបែប ច្រើនយ៉ាង ទាក់ទងទៅនឹងការធ្វើផ្លូវ គ្មានគុណភាព ធ្វើខាងមុខខូចខាងក្រោយ។ រាល់ទង្វើមិនប្រក្រតី របស់ខ្លួន គឺលោក ជីញ គួង តែងយកឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមកបិទបាំងយ៉ាងក្រអឺតក្រទម ហើយគៀបសង្កត់ទៅលើមន្ត្រីក្រោមឱវាទ យ៉ាងកំរោលទៀតផង។

មន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តកំពត បានឲ្យដឹងថា ផ្លូវជាតិលេខ៣ កំពុងខូចជាច្រើន កន្លែងជួសជុល មិនចេះចប់ មិនចេះហើយរីឯ ផ្លូវជាតិ៣៣ អា ឆ្លងកាត់ស្រុកទឹកឈូ ក៏ខូចជាច្រើនកន្លែងផងដែរ ហើយលោក ជីញ គួង មិនទាន់ចាត់វិធានការជួសជុលឲ្យបានឆាប់រហ័ស និងប្រកបដោយគុណភាពនោះទេ។

មជ្ឈដ្ឋាននានា បានកត់សម្គាល់ថា មួយរយៈកន្លងទៅនេះ ប្រធានមន្ទីរសាធារណការ ក្នុង បណ្ដាខេត្តមួយចំនួន ដែលល្បីល្បាញខាងពុករលួយ និងអសកម្មការងារ ត្រូវបានដកហូត តំណែងជាបន្តបន្ទាប់ ដូចជាប្រធានមន្ទីរសាធារណការខេត្ត ព្រះសីហនុ ប្រធានមន្ទីរ សាធារណការ ខេត្តសៀមរាប និងប្រធានមន្ទីរសាធារណការខេត្តក្រចេះជាដើម៕

ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post