
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបកស្រាយឆ្លើយតប ទៅនឹងការរិះគន់ ពីមតិមួយចំនួន ដែលថារាជរដ្ឋាភិបាលកម្ពុជា គ្មានសមត្ថភាពបង្កើតការងារ ហើយបញ្ជូនប្រជាជនខ្លួន ឲ្យទៅធ្វើជាខ្ញុំបម្រើ ក្នុងនាមជាពលករនៅក្រៅប្រទេស។
សម្តេចតេជោ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស, បានបញ្ជាក់ថា នេះមិនមែនជាការបង្ខិតបង្ខំ ឲ្យប្រជាជនកម្ពុជា ទៅធ្វើជាពលករនៅក្រៅប្រទេសនោះទេ ប៉ុន្តែនេះគឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ ជូនដល់ប្រជាពលរដ្ឋ។ សម្តេចសង្កត់ធ្ងន់ថា កម្ពុជាអាចលុបចោលកិច្ចព្រមព្រៀង ក្នុងការបញ្ជូនពលករ ទៅបម្រើការងារនៅក្រៅប្រទេសបាន ដើម្បីបញ្ជូនពលករត្រឡប់មកស្រុកវិញ ប៉ុន្តែសម្តេចមិនធ្វើដូច្នោះទេ ព្រោះវាប៉ះពាល់ដល់ពលករ ដែលកំពុងទទួលបានប្រាក់ចំណូល។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងឱកាសអញ្ជើញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង នាពេលឆាប់ៗខាងមុខនេះ សម្តេចតេជោ នឹងមានជំនួបជាមួយ ឯកឧត្តម ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង រយៈពេល៤៥នាទី ហើយនៅក្នុងជំនួបនោះ សម្តេចតេជោ ស្នើឲ្យកូរ៉េខាងត្បូង បង្កើនចំនួនពលករកម្ពុជា ទៅធ្វើការនៅកូរ៉េខាងត្បូងបន្ថែមទៀត។
បើតាមប្រសាសន៍សម្តេចតេជោ, បច្ចុប្បន្ន កម្ពុជាមានពលករជាង៥ម៉ឺននាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង ខណៈវៀតណាម មានជាង២០ម៉ឺននាក់។ ដោយឡែក នៅក្នុងក្របខ័ណ្ឌអាស៊ាន ហ្វីលីពីន បាននាំពលករ ចេញទៅក្រៅប្រទេស ជាង១២លាននាក់ ជាទំហំច្រើនជាងគេ ខណៈប្រទេសដែលខ្វះពលកម្មពិតប្រាកដ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
សម្តេចបានលើកឡើងដែរថា នឹងស្នើសុំឲ្យកូរ៉េខាងត្បូង និងជប៉ុនបង្កើនចំនួនពលកររបស់កម្ពុជា ហើយក្នុងនោះរាជរដ្ឋាភិបាល ក៏កំពុងដោះស្រាយឲ្យមានចំនួនច្រើន នៅមជ្ឈិមបូព៌ាផងដែរ ដើម្បីបង្កើតការងារឲ្យប្រជាជនកម្ពុជា។
ទន្ទឹមនឹងការខិតខំបង្កើតការងារនៅក្រៅប្រទេស, ក្នុងស្រុកឯណេះវិញ រាជរដ្ឋាភិបាល ខិតខំបង្កើតការងារ តាមរយៈជំរុញទាក់ទាញវិនិយោគ ទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគក្រៅប្រទេស ដើម្បីដោះស្រាយការងារធ្វើ ព្រោះរាជរដ្ឋាភិបាលតែឯង មិនអាចរកការងារធ្វើនៅក្នុងក្របខ័ណ្ឌរដ្ឋ ឲ្យនិស្សិតដែលចេញពីសាលាទាំងអស់បានទេ ដូច្នេះវិស័យឯកជនជាវិស័យនាំមុខ ដែលដោះស្រាយការងារធ្វើ ជូនប្រជាពលរដ្ឋ៕អត្ថបទ៖ សន ពិសិដ្ឋ
