
ព្រះសីហនុៈ នៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលដល់កម្មករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដោយពួកគាត់បានលើកឡើងថា សំណង់អគារភ្លោះមួយកម្ពស់៦ជាន់ ទាំងសង្ខាង មានសរុប១២ជាន់ បានប្រេះកាំជណ្ដើរ និងតាមធ្នឹម ធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើល និងភ័យជាខ្លាំង។
សំណង់អគារខាងលើនេះ មានទីតាំងស្ថិតនៅចំណុចផ្លូវអូពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពីទទួលព័ត៌មានបានភ្លាម គឺមានថ្នាក់ដឹកនាំលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកអភិបាលក្រុងលោក អ៊ី សុខឡេង បានចុះទៅពិនិត្យជាមួយនឹងមន្ត្រីជំនាញ នៅទីតាំងផ្ទាល់តែម្ដង។
ជុំវិញករណីប្រេះសំណង់អគារភ្លោះនេះ មិនទាន់មានអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញបញ្ជាក់ថា ករណីការប្រេះនេះ នឹងមានចំណាត់ការ ឬវិធានការយ៉ាងណានៅឡើយនោះទេ។ ជំហានដំបូង គឺលោកអភិបាលខេត្ត បានឲ្យក្រុមកម្មករ ដែលស្នាក់នៅ ដូចជាកំពុងធ្វើការនៅក្នុងអគារនេះរៀបចំសម្ភារៈចេញជាបន្ទាន់ ហើយមិនអនុញ្ញាតឲ្យមានការសាងសង់បន្តនោះទេ រង់ចាំឲ្យក្រុមជំនាញបច្ចេកទេសទាំងក្រសួងក៏ដូចជាខេត្តពិនិត្យ និងវាយតម្លៃជុំវិញករណីការប្រេះអគារនេះ។
ក្នុងការចុះពិនិត្យនេះ បើតាមមន្ត្រីប្រធានភូមិបាលក្រុងព្រះសីហនុបា នបញ្ជាក់យ៉ាងខ្លីថាសំណង់អគារនេះមានច្បាប់ ក៏ប៉ុន្តែមិនទាន់រត់បាននៅឡើយនោះទេ ហើយការសាងសង់បណ្ដើររត់ការបណ្ដើរ។
គួររំលឹកផងដែរថា នៅក្រុងព្រះសីហនុនាពេលកន្លងទៅ ក៏មានអគារមួយកន្លែង មានស្ថានភាពប្រេះស្រុកដូចអាគារនេះដែរ ហើយត្រូវបានរដ្ឋបាលខេត្ត និងក្រសួងជំនាញធ្វើលិខិតតម្រូវឱ្យវាយកម្ទេចអគារទាំងមូលចោលចៀសវាងការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ ប៉ុន្តែមកដល់ពេលនេះ មានរយៈពេលជាង៣ខែទៅហើយ ប៉ុន្តែគេពុំបានឃើញអគារនោះ ត្រូវបានវាយកម្ទេចនៅឡើយ ផ្ទុយទៅវិញបែកជាកំពុងធ្វើការជួសជុលទៅវិញដូចនេះ គេពុំដឹងថា វាសនាអគារដែលកំពុងប្រេះស្រុតនេះ ត្រូវបានវាយកម្ទេចចោល ឬក៏ធ្វើការជួសជុលឡើងវិញនៅឡើយទេ៕










