header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ក្នុងនោះមេខ្យល់ប្រុសស្រីចំនួន៣នាក់ នារីរងគ្រោះចំនួន២នាក់ អនីតិជនម្នាក់ ពាក់ព័ន្ធករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ពីប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ទៅប្រទេសចិន)។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ក្នុងនោះ មេខ្យល់ប្រុសស្រីចំនួន៣នាក់ កាលពីវេលាម៉ោង ១១៖២៥នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្តក្រុង (វ៉ាងរ៉ិច) ផ្លូវលេខ១៤៤ កែងផ្លូវ លេខ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នគរបាល បានអោយដឹងថា ជនសង្ស័យប្រុសស្រីទាំង០៣នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនទី១. ឈ្មោះ ពៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ ទី២. ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ។ និងទី៣. ឈ្មោះ ចិត្ត ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បម្រើការងារខារ៉ាអូខេ។ចំណែកនារីរងគ្រោះចំនួន២នាក់ ក្នុងនោះជាអនីតិជនម្នាក់។

នគរបាលជំនាញ បានអោយដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាន​ធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតដល់ស៊ីជម្រៅ​ បានចុះទៅឃាត់ខ្លួនស្រ្តីសង្ស័យភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។

យោងតាមនារីរងគ្រោះបានរៀបរាប់អោយដឹងថា មុនពេលពួកនារីរងគ្រោះសម្រេចចិត្តទៅប្រទេសចិន គឺមានស្រ្តីម្នាក់ ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាម និងទទួលបានប្រាក់ ក្នុងម្នាក់ពី២០០០$ទៅ៣០០០ដុល្លារអាមេរិក ហើយរាល់ការធ្វើឯកសារ និងធ្វើដំណើរ គឺមានអ្នករាប់រងទាំងអស់តែម្ដង។ នារីរងគ្រោះបានបន្តទៀតថា ពេលនោះពួកនាងបានសួរថា គាត់ពុំមានលិខិតឆ្លងដែនទេ នារីមេខ្យល់ក៏បានប្រាប់ថា នឹងនាំទៅធ្វើលិខិតឆ្លងដែន ព្រោះធ្វើតែ១ថ្ងៃបានហើយ ពេលដែលទទួលបានលិខិតឆ្លងដែនរួចហើយ ធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់ហូជិមិញ គឺមានមេខ្យល់ចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិនតែម្ដង។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីជាមេខ្យល់ ទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង២នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post