
កណ្តាល៖ នៅវេលាម៉ោង០៩នឹង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកបើកបរបុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ពេលកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបងស្រីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តតាមផ្លូវច្បាប់ ដើម្បីទទួលទោសតាមផ្លូវច្បាប់។
នេះបើតាម លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹង ហើយលោកបានបន្តឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ កំពុងសួរនាំជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
អ្នកបើករថយន្តមានឈ្មោះ សំណាន សំណាង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។
សូមរំលឹកថា កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុបស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រថយន្តតាកូម៉ាមួយគ្រឿងបើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណបានបើកបំបុក មន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្តាលម្នាក់ កំពុងឈរបញ្ជាចរាចរណ៍លើដងផ្លូវ បណ្តាលឲ្យរងរបួសបាក់ជើងទាំងសង្ខាង និងបាក់ឆ្អឹងកង្កេះ ស្រាំលលាដ៏កកឈាមក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរ។
ក្រោយមានហេតុការណ៍កើតឡើង ជនបង្កបានព្យាយាមបើករថយន្តយកទៅប្លុងចោលរួចគេចខ្លួនបាត់។








