
ភ្នំពេញៈ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បង្កដោយរថយន្តមិនចាំម៉ាក មួយគ្រឿង បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវ៥១ ទៅបុករះរថយន្ត ៦គ្រឿង ហើយបន្តទៅបុកជាមួយម៉ូតូកង់បីឥណ្ឌា និងម៉ូតូមួយគ្រឿងទៀត តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនៅក្នុងហេតុការណ៍នេះឡើយ។
គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ ជិតក្រសួងវ៉ែ និងថាមពល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខ ដែលយាមនៅជិតនោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មិនចាំម៉ាក មួយគ្រឿង ពណ៌ខ្មៅ បានធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈជិះមកដល់ចំណុចជិតក្រសួងរ៉ែ និងថាមពល ក៏បុករះរថយន្ត៦គ្រឿង ហើយបន្តទៅបុកជាមួយម៉ូតូកង់បីឥណ្ឌា និងម៉ូតូមួយគ្រឿងទៀត រួចជនបង្ក ក៏បានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកតែរថយន្តរងគ្រោះ ហើយម៉ូតូកង់បីឥណ្ឌា និងម៉ូតូមួយគ្រឿងនៅនឹងកន្លែង។
ក្រោយកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រួចមក សមត្ថកិច្ចជំនាញប៉ុស្តិ៍ និងខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់៣ (PassApp) រងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែករថយន្តបង្កហេតុ សមត្ថកិច្ចធ្វើការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ដើម្បីយកមកដោះស្រាយតាមនីតិវីធី៕






