
ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដាក់គោលដៅធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចទល់មុខខារ៉ាអូខេ លីកាស៊ី ជិតរង្វង់មូលព្រះនរាយណ៍ លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង៨យប់ ដល់ម៉ោង១០យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មុនព្រះរាជពិធីបុណ្យអុំទូក សំពះ ព្រះខែ បណ្ដែតប្រទីប និងអកអំបុក ដែលជិតចូលមកដល់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ក្នុងការត្រួតពិនិត្យនេះ ធ្វើឡើងដោយមានបទបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឯកភាពចាត់តាំងឲ្យលោក មា សុភាព អភិបាលរងខណ្ឌ ជាអ្នកដឹកនាំ កម្លាំងច្រុះ មាននគរបាលខណ្ឌ និងប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ បានចុះដាក់គោលដៅធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីធានាឲ្យបាននូវការ រក្សា សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មុនព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្ដែតប្រទីប និងអកអំបុក នាពេលខាងមុខនេះ ដោយកម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ព្រមទាំងធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវឆ្លងកាត់គោលដៅត្រួតពិនិត្យចេញចូលរាជធានីភ្នំពេញទាំងអស់ អោយ ចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានត្រឹមត្រូវទាំងអស់គ្នា នៅពេលធ្វើដំណើរតាមម៉ូតូត្រូវ ពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ ឲ្យបានត្រឹមត្រូវ ចំណែកអ្នកបើករថយន្ត ត្រូវពាក់ខ្សែក្រវាត់ អោយបាន ត្រឹមត្រូវផងដែរ។
ជាលទ្ធផលរួមមាន ៖ រថយន្តឆ្លងកាត់គោលដៅចំនួន ៨៣គ្រឿង និងបានត្រួតពិនិត្យម៉ូតូចំនួន ១២០គ្រឿង (ក្នុងនោះមួយចំនួនតូចអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន៣៨គ្រឿង) ។ ចំណែកគ្រឿងញៀន និងអាវុធជាតិផ្ទុះ រួមទាំងជាតិស្រវឹង ពុំមានឆ្លងកាត់គោលដៅត្រួតពិនិត្យ នោះទេ តែកម្លាំងបានត្រួតពិនិត្យ ប្រភេទកង់បីឥណ្ឌា ចំនួន ១៦៨គ្រឿង ក្នុងនោះមាន ៣គ្រឿង ដែលអ្នកបើកបរប្រើវិទ្យុទាក់ទង (អាយកូម) ត្រូវបានត្រួតពិនិត្យ ដកហូត១គ្រឿង ពុំមានច្បាប់ ឬឯកសារ, ចំណែក២គ្រឿងទៀត ជាប្រជាការពារសង្កាត់ មានបិទស្លាកសម្គាល់ ត្រឹមត្រូវ បានប្រគល់ជូនវិញ ហើយអាចបញ្ជាក់ បានថាសភាពការនៅយប់នេះ មានស្ងប់ស្ងាត់ ពុំមានអ្វីគួរឲ្យកត់សំគាល់នោះទេ៕
















