header ads

Sponsor

លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងថា ការងារទាំងអស់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ផ្សារភ្ជាប់នឹងថវិកាប្រចាំឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ១,៣១៨,៩២៥ដុល្លារអាមេរិក ប៉ុន្តែការចំណាយជាក់ស្តែងពិតប្រាកដចំនួន ៨៦៨,៩២៥ ដុល្លារអាមេរិក ប៉ុននោះ ។

ជាមួយគ្នានេះដែរ ក៏មានការរិះគន់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថាជាការចំណាយប្រាក់ខ្ជះខ្ជាយ។

ទាក់ទងនឹងការរិះគន់នេះ ចំពោះលោក ម៉ាក់ ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោក ក៏បានឆ្លើយតប ថា ៖

គេចាំបានថាដីរដ្ឋ និងដីប្រជាពលរដ្ឋនៅពយម៉ាចូវខេត្តព្រះសីហនុ ដែលត្រូវឧកញ៉ារំលោភយកមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានប្រតិភូឧត្តមក្រុមប្រឹក្សា ចុះអន្តរាគមន៍ទាន់

ដីចំការស្រល់នៅខេត្តមណ្ឌលគីរីត្រូវបានការពារ
ភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី
ដីចំការកៅស៊ូជាង២០០០ហិចតា នៅខេត្តរតនគិរី កំពុងដំណើរការ
ថ្មីៗនេះនៅខេត្តកោះកុង ទុនឌៀត ចាក់ដីលុបសមុទ្រ
និងនៅមានដំណោះស្រាយជូនប្រជាពលរដ្ឋរាប់រយករណីផ្សេងទៀត
ជាពិសេសនោះបានកោះអញ្ជើញក្រសួងនានាមកបំភ្លឺ និងដេញដោលបង្ហាញចំណុចដែលត្រូវកែលំអរជំរុញការពារផលប្រយោជន៍ជាតិ។

តើលោកអ្នកគិតថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ពិតជាខ្ជះខ្ជាយ ប្រាក់ជិត១លានដុល្លារដោយឥតប្រយោជន៍? តើទំហំដែលបានការពារជោគជ័យខាងលើមានតម្លៃតិចជាង១លាន$? ទេ រាប់រយរាប់ពាន់ដងឯណោះ!

បញ្ហាវានៅត្រង់ថា ក្រុមដែលខ្លួនពេញចិត្តមិនបានចូលរួម ការពារប្រយោជន៍ជាតិ ចូលរួមកសាងជាតិ នាំឲ្យទើសមិនចប់...

សូមជម្រាបជូនថា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចបានថ្លែងនូវការកោតសរសើរពីតួនាទី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានផ្តល់នូវរបាយការណ៍ចំនួនដល់សម្តេច ហើយបើសិនមិនមានរបាយការណ៍នេះទេ ប្រហែលជាសម្តេចមិនដឹងរឿងរ៉ាវទាំងនោះទេមើលទៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការពេញចិត្ត ចំពោះការទទួលយកនូវផ្តល់យោបល់ទាំងឡាយ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលអាចឲ្យរាជរដ្ឋាភិបាល ធ្វើការអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មិនបានគិតថា គណបក្សដែលសំឡេងភាគច្រើន ឬគណបក្សដែលមានសំឡេងភាគតិច ឬក៏គណបក្សដែលធំ ឬតូច គឺគិតតែពីការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសកម្ម និងផ្តល់ធាតុចូលជាច្រើន តាមរយៈរបាយការណ៍ជាក់ស្តែង ដើម្បីកែលំអរភាពអសកម្មទាំងឡាយ ដែលប្រសើរជាងការទទួល ការបង្គាប់បញ្ជារបស់បរទេស។ សម្តេចសុខចិត្តទទួលមតិយោបល់ ពីគណបក្សនយោបាយ ដែលមានមតិយោបល់ខុសៗគ្នា ប្រសើរជាងការបង្គាប់បញ្ជារបស់បរទេស។

សម្តេចតេជោចាត់ទុកថា ការចូលរួមរបស់គណបក្សនយោបាយនានា របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការបង្ហាញឱ្យឃើញពីការចូលរួមពេញលេញ ក្នុងការអនុវត្តន៍នយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរួមរស់ និងអភិវឌ្ឍន៍សង្គមជាតិ។

ជាមួយគ្នានេះ សម្តេចតេជោបានបង្ហាញនូវសុទិដ្ឋិនិយម និងជំនឿថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបន្តធ្វើសកម្មភាពប្រកបដោយគុណប្រយោជន៍ សម្រាប់ចូលរួមធ្វើកំណែទម្រង់សង្គម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post