សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងកម្មវិធីបិទសន្និបាតនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនៅសណ្ឋាគារសុខានៅថ្ងៃសុក្រទី២៧ធ្នូថា សម្ដេចអាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សទាំង១៦នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដើម្បីបន្តសុពលភាពស្ថាប័ននេះនៅក្រោយឆ្នាំ២០២៣។
សម្តេចតេជោបន្តថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ គឺជាយន្តការពិគ្រោះនិងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ធ និងជួយជំរុញការអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើនលឿនទៅមុខ។
ទំព័រហ្វេសប៊ុកសម្ដេចបានចុះផ្សាយថា«ការធ្វើនយោបាយបម្រើសង្គមជាតិ គឺមិនចាំទាល់តែជេរប្រទេចគ្នានោះទេ ហើយទន្ទឹមនឹងនេះដែរ គឺយើងមិនប្រកាន់លើបក្សតូច ឬបក្សធំនោះឡើយ។ ចំពោះការផ្លាស់ប្តូរប្រធានប្តូរវេនក្នុងរយៈពេល១ខែម្តង គឺបានបង្ហាញថាគ្មានការរើសអើងនៅក្នុងស្ថាបន័មួយនេះ ដោយមិនប្រកាន់ទៅលើសម្លេងភាគច្រើនឬសម្លេងភាគតិច ឬគណបក្សធំឬតូចនោះទេ គឺសំដៅលើការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សដែលកាន់រាជរដ្ឋាភិបាលក៏មានសិទ្ធិធ្វើជាប្រធានប្តូរវេន ហើយចំពោះគណបក្សដែលគ្មានអសនៈក្នុងសភា ប៉ុន្តែបានចូលរួមក្នុងស្ថាប័ននេះ ក៏មានសិទ្ឋិធ្វើជាប្រធានប្តូរវេនបានដូចគ្នាផងដែរ»។
សម្តេច ហ៊ុន សែន ថា ពេញចិត្តទទួលស្តាប់មតិយោបល់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជាជាងទទួលបញ្ជាពីក្រុមបរទេស ដែលដាក់មកអោយឱ្យរដ្ឋាភិបាលធ្វើដោយមិនស្គាល់និងយល់ ពីតម្រូវការចាំបាច់នៃប្រទេសជាតិរបស់យើង។
សម្តេចសង្ឃឹមថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ បន្តការងារនេះអោយទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតស្របតាមអនុក្រឹត្យ តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដែលក្នុងនោះមានដូចជាការចូលរួមពិនិត្យផ្លូវច្បាប់អំពីវិសោធនកម្ម និងគោលនយោបាយរាជរដ្ធាភិបាល ដែលពេលខ្លះគឺមិនមែនត្រូវគ្រប់ទាំងអស់នោះឡើយ៕