ក្នុងពេលតែមួយ ក្រមហ៊ុន៤ រួមមានក្រុមហ៊ុនហ័ងអាញអណ្តូងមាស ក្រុមហ៊ុនហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី បានសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានអោយដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៩ ដែលទទួលបានការអនុញ្ញាតឲ្យនាំ ចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារចិន។ ហើយក្រុមហ៊ុន៤នេះ ជាក្រុមហ៊ុនក្នុងចំណោម៩ដែលទទួលបានសិទ្ធិអនុញ្ញាតអោយនាំចេកទៅកាន់ទីផ្សារប្រទេសចិន។
ដោយឡែកលោកង្វៀង ក្វានអាន អគ្គនាយក និងជាតំណាងក្រុមហ៊ុនទាំង៤ បានអោយដឹងថាក្រុមហ៊ុននីមួយៗបានចាប់ផ្តើមវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដោយ អភិវឌ្ឍលើដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហ.ត ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហ.ត ក្នុងនោះជាង ៣ពាន់ហ.ត កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ ស្តង់ដាគឺចិន និង ជប៉ុន។
នៅក្នុងរោងចក្រវេចខ្ចប់ចេកនេះ ខ្សែចង្វាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់ ដែលមកពីតំបន់នេះ និងមកពីខេត្តជាប់រតនគីរី។ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រវេចខ្ចប់ ១០ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោន/ឆ្នាំ។ លោកង្វៀង ក្វានអាន រពឹងថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យដល់ ៥០០ពាន់តោន/ឆ្នាំ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកា នាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់ផងដែរ៕
ប្រភព៖ក្រសួងកសិកម្ម
ផ្ដល់សិទ្ធិដោយ៖ KhmerNas