header ads

Sponsor

​សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩នេះ នឹងនៅ តែរក្សាអត្រាខ្ពស់ គឺចំនួន៧,១% ខណៈការវាយតម្លៃជាផ្លូវការ នឹងធ្វើឡើងនៅក្នុងខែមិថុនាឆ្នាំ២០២០ខាងមុខ។ សម្ដេចបន្តថា ការបន្តរក្សាកំណើនសេដ្ចកិច្ចនេះ គឺដោយសារប្រាក់ចំណូលរកបានពីផ្នែកគយនិងពន្ធដារក្នុងឆ្នាំ២០១៩ គឺមានចំនួនលើសពីផែនការរហូតទៅដល់ជិត២ពាន់លានដុល្លារ។

សម្ដេចថា«ការប្រមូលចំណូលឆ្នាំនេះលើស១៤០០លានរួចស្រេចទៅហើយ។ ផ្នែកគយគិតត្រឹម​ពីម្សិល លើស៩០០លាន២សែនដុល្លារ បានសេចក្ដីថា លើសច្បាប់ថវិកានៃការប្រមូលចំណូល នេះក៏មកពីការកំណែទម្រង់ហរិញ្ញវត្ថុសាធារណៈ ដែលផ្ដល់ឱ្យប្រាក់ចំណូលគ្រាន់តែផ្នែកគយមួយ លើសផែនការរហូតទៅដល់ជាង៩០០លានស្រេចទៅហើយ។ អ៊ីចឹង! ជាមធ្យម​ក្នុងមួយថ្ងៃ ចូល១០លានដុល្លារក្នុងផ្នែកគយ ហើយមិនទាន់គិតពីពន្ធដាទេ។ ហើយពន្ធដារក្នុងប៉ុន្មានថ្ងៃមុន បានធ្វើរបាយការណ៍មក គឺលើស៥១៣លានរួចស្រេចទៅហើយ។ អ៊ីចឹង អាពីរគិតទៅវាលើស១៤០០លាន»។

ការប្រកាសរបស់សម្ដេចនេះ នៅក្នុងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកសញ្ញា​បត្រដល់និស្សិតសាកលវិទ្យា​ល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច នៅវិទ្យាស្ថានអប់រំជាតិរាជធានីនៅថ្ងៃទី២៦ធ្នូ។

សម្ដេចបន្តថា ការកើនប្រាក់ចំណូលនេះគឺជាការគូសបញ្ជាក់ពីការខិតខំរបស់រដ្ឋាភិបាល ហើយក្នុងដំណាក់កាលសេដ្ឋកិច្ចនៅពេលនេះ សេដ្ឋកិច្ចកម្ពុជានឹងនៅតែរពឹងជាក់លាក់​ថា អត្រាកំណើន៧,១% នៅតែសម្រេចបាន។

សម្ដេចបញ្ជាក់ទៀតថា«ប៉ុន្តែករុណាខ្ញុំ សូមបញ្ជាក់បន្តិច រឿងវាយតម្លៃខាងសេដ្ឋកិច្ចប្រទេសរបស់យើង គឺរហូតទៅដល់ខែ៦នោះ ទើបបញ្ចប់ការវាយតម្លៃពិតប្រាកដ។ ប៉ុន្តែឥឡូវនេះ នៅក្នុងពេលវេលានេះ គឺសេដ្ឋកិច្ចរបស់យើង សម្រេចដូចការគ្រោងទុក ៧,១% ដែលជាអត្រាខ្ពស់មួយ ក្របខណ្ឌប្រទេសក្នុងតំបន់ របស់យើង តែយើងនឹងទូទាត់វារហូតទៅដល់ខែ៦»។

សម្ដេចបន្ថែមថា កាលពីឆ្នាំ២០០៥ កំណើនសេដ្ឋកិច្ចកម្ពុជាមានជិត១២% ប៉ុន្តែក្រោយពីមានការបូកបញ្ចូនបន្ថែមពីខាង IMF និងធនាគារពិភពលោក គឺជាក់ស្ដែងតួលេខកាលនោះ គឺមានកំណើន១៣,៣%។

នាយករដ្ឋមន្រ្តីអះអាងថា បើកុំមានវិបត្តិសេដ្ឋកិច្ច កម្ពុជានឹងអាចរក្សាកំណើនសេដ្ឋកិច្ច​លើស១០%រហូតមកដល់ពេលនេះ ពីព្រោះកាលពី២០០៥ កំណើនសេដ្ឋកិច្ចមានចំនួន​១៣,៣% ឆ្នាំ២០០៦ មានចំនួន១២% និង២០០៧ មានចំនួន១១% ប៉ុន្តែដល់២០០៨ គឺធ្លាក់ចុះ

ហើយក្នុង២០០៩និង២០០១០ ងើបឡើងបន្តិច ប៉ុន្តែចាប់ពីពេលនោះមក គឺ៧%ជាប់រហូត​មក៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post