header ads

Sponsor

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជៀម ច័ន្ទសោភ័ណ ឱ្យយកចិត្តទុកដាក់ ចំពោះផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម ព្រោះថា ប្រសិនបើផ្សារគំរូដោះដូរទំនិញកម្ពុជា និងវៀតណាមដែលសម្ភោធ នាពេលនេះបរាជ័យមិន ដំណើរការនោះ តំណែងចៅហ្វាយខេត្តត្បូងឃ្មុំក៏មិនអាចរក្សាបានដែរ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារថា ទាំងមន្ត្រីគយ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅផ្សារគំរូព្រំដែនកម្ពុជានោះឡើយ ព្រោះថាប្រសិនជា មានការរំខានណាមួយ ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងរកស៊ីដោយខ្លួនឯង នោះហើយជាបញ្ហាដែលគ្រប់គ្រងអត់បាន ហើយនៅពេលដែលគ្រប់គ្រងអត់បាន អាចបើកឱកាសឱ្យឧក្រិដ្ឋជនគ្រឿងញៀន និងការធ្វើឧក្រិដ្ឋកម្មផ្សេងៗដោយប្រើច្រក របៀងទាំងនេះ ដូច្នេះហើយបានស្នើឱ្យធ្វើកិច្ចការនេះឱ្យបានម៉ត់ចត់។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យ៉ាងដូច្នេះថា « ផ្សារដានេះគឺជាផ្សារគំរូ ហើយបើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើង ត្រៀមបង្កើតឡើងវាគ្មានវឌ្ឍនភាពទេ ដូចនេះហើយ អភិបាលខេត្តត្បូងឃ្មុំ ត្រូវមើលឱ្យច្បាស់ ចំណុចហ្នឹង បើផ្សារនេះបរាជ័យតំណែងជាអភិបាលខេត្តក៏មិនបន្តបានទៀតដែរ »។

សូមជម្រាបថា ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ផ្សារនេះត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។ ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ ក្នុងការបង្កើតការងារបង្កើនចំណូលបន្ថែមសម្រាប់ប្រជាជន តាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post