ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅឆ្នាំ ២០២០ ខាងមុខ រដ្ឋនឹងទម្លាក់ថវិកាជាង ១ពាន់លានដុល្លារទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
សម្តេចថ្លែងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្តយស្តីពីការប្រគល់មុខងារគ្រប់គ្រង និងសេវាសុខាភាពភិបាល ទៅអោយរដ្ឋបាលរាជធានា-ខេត្ត ព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ នៅក្រសួងមហាផ្ទៃ។
សម្តេចមានប្រសាសន៍ថា ផ្អែកតាមគម្រោងប៉ាន់ស្មាននៅឆ្នាំ ២០២០ខាងមុខនេះ រដ្ឋនឹងផ្ទេរវិភាជថវិកាចំនួនប្រមាណ ៨០០លានដុល្លារ ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចំនួននេះ មិនទាន់បានគិតបញ្ចូលការវិភាជថវិការដ្ឋទៅអោយរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌសំខាន់នីមួយៗបន្ថែមទៀត សម្រាប់អនុវត្តមុខងារ ដែលត្រូវផ្ទេរទៅរដ្ឋបាលទាំងនេះ តាមរយៈអនុក្រឹត្យ៤ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះទេ។ សម្តេចសង្កត់ធ្ងន់ថា ថវិកាបន្ថែមនេះ កំពុងត្រូវបានរៀបចំកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ទេរត្រង់ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រងរៀបចំ និងប្រើប្រាស់ ចាប់ពីឆ្នាំ ២០២០តទៅ។ដូចនេះ ចំនួនថវិកាវិភាជពីថវិការដ្ឋទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ នៅឆ្នាំ ២០២០ នឹងអាចកើនឡើងរហូតដល់ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះ ត្រូវផ្ទេរតាមកុងធនាគារ ដើម្បីជៀសវាងនៅបញ្ហាផ្សេងៗ។
សម្ដេចមានប្រសាសន៍ថា អ្វីដែលជាសមិទ្ធិផលដ៏សំខាន់ និងចាត់ទុកថា មានលក្ខណៈជាប្រវត្តិសាស្ត្រនៃកិច្ចដំណើរការកំណែទម្រង់ដែលសម្រេចបានក្នុងឆ្នាំ ២០១៩នេះ គឺការកែសម្រួលរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការប្រគល់មុខងារពាក់ព័ន្ធ នឹងវិស័យជាច្រើនទៅឲ្យរដ្ឋបាលទាំងនេះ ពិសេសការផ្ទេរមុខងារសុខាភិបាល ដែលធ្លាប់បានអនុវត្តដោយមន្ទីរសុខាភិបាល ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងចាត់ចែងរបស់រដ្ឋបាលរាជធានី -ខេត្តវិញ។ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា ដែលបានផ្តល់ការគាំទ្រដល់កំណែទម្រង់នេះ ហើយសង្ឃឹមថា ដៃគូទាំងអស់នឹងបន្តគាំទ្រដល់កិច្ចការដ៏សំខាន់នេះតទៅមុខទៀត៕