ភ្នំពេញ៖ រដ្ឋាភិបាលបារាំង បានផ្តល់ឥណទានសម្បទានសរុប១១៨លានអឺរ៉ូ(ប្រមាណ១២១លានដុល្លារ) ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងទឹកស្អាត និងអប់រំជំនាញ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងអ្នកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ថវិកាទាំង១២១លានដុល្លារនេះ ត្រូវបែងចែកជាពីរទៅតាមគម្រោងនីមួយៗ ដោយក្នុងនោះទឹកប្រាក់១០១លានដុល្លារ សម្រាប់គម្រោងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង ដំណាក់កាលទីពីរនេះ ដែលត្រូវអនុវត្តបន្តពីគម្រោងជំហានទីមួយ ក្នុងការសាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបានជិត២០ម៉ឺនគូប ក្នុងមួយថ្ងៃ។ បើតាមក្រសួងសេដ្ឋកិច្ចដដែល ទឹកប្រាក់ទាំងនេះ ត្រូវចំណាយលើការបំពាក់បំពង់មេនាំទឹកស្អាត, បំពង់ចែកចាយ និងសម្ភារតភ្ជាប់បំពងផងដែរ។ ជាពិសេសការងារសាងសង់ ត្រួតពិនិត្យ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារលទ្ធកម្ម និងបណ្តាញចែកចាយទឹកស្អាតទៀតផង។
ជាមួយគ្នានេះ ទឹកប្រាក់ដែលនៅសល់ជិត២០លានដុល្លារទៀត ត្រូវយកទៅប្រើប្រាស់លើគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែងនៅកម្ពុជា ដែលផ្តោតសំខាន់ទៅលើការកែលម្អនិងលើកកម្ពស់គុណភាពនៃការអប់រំបណ្តុះបណ្តាបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យមសិក្សា។ ជាពិសេសការលើកកម្ពស់ដល់ការសិក្សាផង ធ្វើការងារផង តាមបណ្តាឧស្សាហកម្មនានា ព្រមទាំងពង្រឹងយន្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យប្រកបដោយនវានុវត្តន៍ ផងដែរ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងដូច្នេះថា៖«ការផ្ដល់ហិរញ្ញប្បទានដល់គម្រោងទាំងពីរខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និងសហគ្រិនភាព និងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងប្រជុំជនតាមរយៈការពង្រឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងបំពាក់ប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត»។
គិតចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០១៩ រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានផ្តល់កម្ចីដល់កម្ពុជា ចំនួន៨០២លានអឺរ៉ូ(ជិត៨៩៩លានដុល្លារ)។ ក្នុងនោះមាន កម្ចីឥតសំណងចំនួន២០១លានអឺរ៉ូ(ប្រមាណ២២៥លានដុលា្លរ) ឥណទានសម្បទាន(Sovereign Loan) ចំនួន៤៣៤លានអឺរ៉ូ (ប្រមាណ៤៨៦លានដុលា្លរ) និងកម្ចីគ្មានការប្រាក់(Non Sovereign Loan )ចំនួន១៦៧លានអឺរ៉ូ(ប្រមាណ១៨០លានដុល្លារ)។ សម្រាប់ហិរញ្ញាប្បទានពីបារាំងទាំងនេះ គឺផ្តោតទៅលើវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍន៍វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ, បណ្តុះបណ្តាលជំនាញ និងគាំទ្រវិស័យផលិតកម្ម ព្រមទាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ផ្ដល់សិទ្ធិដោយ៖ KhmerNas