header ads

Sponsor

លោក លឿង កេសារោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបញ្ជាក់ថា ក្រោយពីការសិក្សា ក្រុមការងារមានគម្រោងរៀបចំបង្កើតជាតំបន់អភិរក្សបេតិកភណ្ឌ«ឡាំមេះ»នៅទីតាំងមានដុះសសរថ្មធម្មជាតិរាប់ពាន់ដើមនៅខេត្តមណ្ឌលគីរី ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយធ្វើការចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់៕

គម្រោងបង្កើតតំបន់អភិរក្សនេះបានធ្វើឡើង បន្ទាប់ពីក្រុមជនជាតិដើមភាគតិចនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២ខែមករាឆ្នាំ២០២០ បានរកឃើញសសរថ្មធម្មជាតិរាប់ពាន់ ហើយបានអះអាងថា មានក្រុមជនជាតិវៀតណាមនិងខ្មែរ បានឃុតឃិតគ្នាគោះយកសសរធម្មជាតិរាប់ពាន់ដើមដែលអាចមានអាយុកាលរាប់ពាន់ឆ្នាំទាំងនោះ ដើម្បីដឹកទៅកាន់ប្រទេសវៀតណាម។
ក្រោយពីលេចលឺថាមានសសរធម្មជាតិនេះ នៅថ្ងៃសុក្រទី១០នេះ លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្ស សមត្ថកិច្ចនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវតំបន់បេតិភណ្ឌធម្មជាតិដែលទីតាំងរបស់ថ្មធម្មជាតិទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងខេត្តមណ្ឌលគីរី។

លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងថា សសរថ្មធម្មជាតិរាប់ពាន់ដើមមានមុខកាត់ចាប់ពី៤០សម ដល់៦០សម និងប្រវែងរហូតដល់ ២ ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នាដូចរាងប្រាសាទបុរាណ។

តាមរយៈការស្រាវជំហានដំបូងក្រៅពីសសរថ្ម មានវត្តមានដើមរកា ដើមជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើមឬស្សី ឈើផ្សេងទៀតនៅតំបន់នោះផងដែរ ដែលជាសម្បត្តិធម្មជាតិ កម្រឃើញមាននៅតាមតំបន់ការពារធម្មជាតិ។

លោក វុធ សារុំ បានបន្ថែមថា លើសពីនេះ តំបន់ការពារធម្មជាតិនេះ មានសត្វព្រៃដូចជាក្តាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មារបា សត្វកេងកង ជាដើម ព្រមទាំងមានទឹកធ្លាក់ពីលើដុំថ្មដ៏ប្រណិតផងដែរ។ តំបន់ព្រៃដែលមានធនធានធម្មជាតិដ៏មានតម្លៃទាំងនោះ ក៏ជាជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធិតាមជំនឿរបស់ជនជាតិដើមភាគតិចព្នងជាច្រើនជំនាន់មកហើយ៕
ផ្ដល់សិទ្ធិដោយ ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post