
លោក រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានប្រាប់សារព័ត៌មានខ្មែរណាស់ថា និស្សិតខ្មែរដែលរៀននៅសាកលវិទ្យាល័យក្នុងទីក្រុងវ៉ូហាន គឺមានចំនួន៨៩នាក់ ប៉ុន្តែមានចំនួន៦៦នាក់ បានធ្វើដំណើរមកលេងប្រទេសកម្ពុជាក្នុងអំឡុងពេលវិស្សមកាល មុនពេលមានការផ្ទុះវីរុសឆ្លងនៅក្នុងទីក្រុងវ៉ូហានទៅទៀត។
លោកថា«រូបខ្ញុំផ្ទាល់ ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ចាត់តាំងឱ្យទាក់ទងផ្ទាល់ទៅក្រុមនិស្សិតយើងនៅវ៉ូហាន ដោយមួយថ្ងៃលើសពី១ដង ដែលខ្ញុំបានទាក់ទងផ្ទាល់ទៅប្អូននិស្សិតនៅទីនោះ ដើម្បីតាមដានសុខភាពនិងលើកទឹកចិត្តដល់ពួកគាត់»។
លិខិតរបស់និស្សិតម្នាក់រៀននៅវ៉ូហានបានផ្ញើមកលោក ហង់ ជួនណារ៉ុន នៅថ្ងៃទី៣០ខែមករានេះ បានបញ្ជាក់ដែរថា ការវិលត្រឡប់មកកម្ពុជាវិញរបស់ក្រុមនិស្សិតទាំង៦៦នាក់ គឺដើម្បីមកលេងស្រុកកំណើត ក្នុងខណៈវិស្សមកាលរដូវរងាដូចរាល់ឆ្នាំ ហើយត្រូវបានអនុញ្ញាតដោយសាលា។ លិខិតដដែលបន្តថា ដោយសារការផ្ទុះឡើងវីរុសថ្មី ខាងសាលាបានប្រកាសលើកថ្ងៃវិស្សមកាល និងមិនទាន់បានកំណត់ថ្ងៃ ដើម្បីចូលរៀនវិញនៅឡើយទេ។
នៅថ្ងៃទី៣០មករា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងមិនបញ្ជូននិស្សិតខ្មែរចេញពីប្រទេសចិន ដោយសារតែចិនកំពុងផ្ទុះរីករាលដាលជំងឺរលាកសួតដោយវីរុសថ្មីនោះទេ។ សម្ដេចថា ការធ្វើបែបនេះ ព្រោះចង់ឱ្យនិស្សិតខ្មែរនៅទីនោះ ត្រូវចេះរួមសុខទុក្ខជាមួយពលរដ្ឋចិន ហើយបើបញ្ជូនពួកគេមកប្រទេសវិញ នឹងអាចធ្វើឱ្យចិនលែងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរនាពេលខាងមុខ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas