ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូរ៉ូណា ប្រភេទថ្មីនេះ មិនទាន់មានវ៉ាក់សាំង សម្រាប់ព្យាបាលនោះទេ។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី២៧ មករានេះ។
លោកស្រី ឱ វណ្ណឌី បានបញ្ជាក់ថា មូលហេតុដែលគ្មានវ៉ាក់សាំងព្យាបាលនោះ ដោយសារវីរុសនេះ ទើបតែកើតឡើងថ្មីនៅក្នុងប្រទេសចិន នាដើមឆ្នាំនេះ ខណៈដែលអង្គការសុខភាពពិភពលោកកំពុងពិនិត្យ និងស្រាវជ្រាវរកប្រភព និងរបៀបនៃការចម្លងវីរុសនេះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយដូច្នេះថា៖«មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាពីអង្គការសុខភាពពិភពលោកថា យើងមានវ៉ាក់សាំងសម្រាប់ការពារនូវជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះនៅឡើយទេ ដោយសារស្ថានភាពជំងឺនេះទើបតែកើតឡើង»។
បើតាមលោកស្រី ឱ វណ្ណឌី វ៉ាក់សាំងសម្រាប់ការពារនិងព្យាបាលវីរុសកូរ៉ូណានេះ ទំនងនឹងអាចផលិតបាននៅក្រោយស្ថានភាពវីរុសនេះស្ងប់ស្ងាត់ទៅវិញ។ លោកស្រី វណ្ណឌី បាននិយាយដូច្នេះថា៖«អ្វីដែលខ្ញុំគិតហ្នឹងគឺថា អាចមានអ្នកបច្ចេកទេសអង្គការពិភពលោក អាចមានការពិចារណាក្នុងពិនិត្យមើលថា តើអាចមានលទ្ធភាពក្នុងការបង្កើតវ៉ាក់សាំងយ៉ាងណាទៀតនោះ។ ហើយការផលិតវ៉ាក់សាំងនេះ ត្រូវការប្រើពេលយូរណាស ព្រោះត្រូវការបណ្ដុះ(ស្រាវជ្រាវ)ហើយ ធ្វើតេស្តច្រើនសារណាស់ ដើម្បីកំណត់ថា វ៉ាក់សាំងនេះ មានសុវត្ថិភាពមែនទេ សម្រាប់ប្រើប្រាស់លើមនុស្ស»។
ក្រសួងសុខាភិបាល បានរកឃើញវីរុសកូរ៉ូណាប្រភេទថ្មីនេះ លើជនជាតិចិនម្នាក់ ដែលស្នាក់នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៧ មករានេះ។ បើតាមក្រសួងសុខាភិបាល ជនជាតិចិនដែលផ្ទុកវីរុសកូរ៉ូណានេះ កំពុងស្នាក់នៅព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកមួយពីអ្នកដទៃ។ រីឯសមាជិកគ្រួសារចំនួន៣នាក់ទៀត របស់ជនជាតិខាងលើនេះ ក៏ស្ថិតនៅក្នុងបន្ទប់មួយដោយឡែកដែរ ដើម្បីតាមដានលើសុខភាព ។
ភាគីកម្ពុជា បានទាក់ទងទៅខាងស្ថានទូតចិនប្រចាំកម្ពុជា ជុំវិញករណីជនជាតិចិន ដែលផ្ទុកវីរុសប្រភេទថ្មីនេះហើយ ហើយខាងសុខាភិបាលនឹងបន្តព្យាបាលជនជាតិចិននេះ ទាល់តែជាផុតពីជំងឺរលាកសួត។ថ្លែងក្នុងសន្និសីតកាសែតនេះ លោក ម៉ម ប៊ុនហេង បានឆ្លើយសំនួរអ្នកកាសែតថា ៖«យើងនឹងបន្តព្យាបាលគាត់(ជនជាតិចិន) រហូតទាល់តែជា ព្រោះមិនអាចបញ្ជូនគាត់ទៅទាំងមានជំងឺ នាំតែចម្លងគេទៀតទេ»។
វីរុសកូរ៉ូណា បានរីករាលដាលដល់ប្រទេសមួយចំនួន មានដូចជា ថៃ ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេប៉ាល់ និងកាណាដា។ គិតត្រឹមថ្ងៃទី២៧ ខែមករា វីរុសនេះ បានឆ្លងលើមនុស្សប្រមាណជិត ៣០០០នាក់ និងអ្នកស្លាប់កើនដល់ជាង៨០នាក់ហើយ៕
ផ្ដល់សិទ្ធិដោយ៖ KhmerNas