header ads

Sponsor

ភ្នំពេញ៖ ជនជាតិចិន ដែលផ្ទុកវីរុសកូរ៉ូណានេះ នឹងត្រូវព្យាបាលរហូតទាល់តែជាសះស្បើយ មុននឹងបញ្ជូនចេញពីកម្ពុជា។ នេះជាការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅក្នុងសន្និសីទកាសែត នាម៉ោង៧យប់ថ្ងៃទី២៧ មករានេះ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ភាគីកម្ពុជា បានទាក់ទងទៅខាងស្ថានទូតចិនប្រចាំកម្ពុជា ជុំវិញករណីជនជាតិចិន ដែលផ្ទុកវីរុសប្រភេទថ្មីនេះហើយ ហើយខាងសុខាភិបាលនឹងបន្តព្យាបាលជនជាតិចិននេះ ទាល់តែជាផុតពីជំងឺរលាកសួត។

ថ្លែងក្នុងសន្និសីតកាសែតនេះ លោក ម៉ម ប៊ុនហេង បានឆ្លើយសំនួរអ្នកកាសែតថា ៖«មើល(ព្យាបាល)ឱ្យគាត់ជា(ជនជាតិចិន) បានឱ្យគាត់ទៅវិញ ព្រោះកុំឱ្យគាត់ទៅតាមផ្លូវចម្លងគេហូរហែរទៀត»។

បើតាមរដ្ឋមន្រ្តីសុខាភិបាល ជនជាតិចិនដែលផ្ទុកវីរុសកូរ៉ូណានេះ កំពុងស្នាក់នៅព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកពីអ្នកដទៃ។បន្ថែមពីនេះលោក ម៉ម ប៊ុនហេង ក៏នឹងទៅខេត្តព្រះសីហនុ ដើម្បីតាមដានស្ថានភាពវីរុសនេះ។

ក្រៅពីនេះក្រសួងសុខាភិបាល ក៏រៀបចំឱ្យសមាជិកគ្រួសារចំនួន៣នាក់ទៀត របស់ជនជាតិខាងលើនេះ នៅក្នុងបន្ទប់មួយដោយឡែកដែរ ដើម្បីតាមដានលើសុខភាព ។

វីរុសកូរ៉ូណា បានរីករាលដាលដល់ប្រទេសមួយចំនួន មានដូចជា ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​។ គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា វីរុស​នេះ បាន​ឆ្លង​លើ​មនុស្ស​ប្រមាណជិត ៣០០០នាក់ និង​អ្នកស្លាប់​កើន​ដល់ជាង​៨០​នាក់ហើយ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post