
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាវិមានសន្តិភាព នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានលើកឡើងថា មានមូលហេតុធំចំនួន២ ដែលកម្ពុជា សម្រេចមិនបិទជើងហោះហើរដោយត្រង់ពីចិន គឺពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចជាតិ និងទំនាក់ទំនងកម្ពុជា-ចិន។
នាឪកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុសំខាន់២ ដែលកម្ពុជា មិនបិទជើងហោះហើរពីចិនមកកម្ពុជា បើទោះបីកម្ពុជា បានរកឃើញករណីទី១ នៃការឆ្លងវីរុសកូរ៉ូណាថ្មីនៅខេត្តព្រះសីហនុក៏ដោយ។ សម្តេចបានសង្កត់ធ្ងន់បន្តថា មូលហេតុទាំង២នោះ រួមមាន៖
មូលហេតុទី១. បើកម្ពុជាបិទជើងហោះហើរត្រង់ពីចិនដូចសម្លាប់សេដ្ឋកិច្ចជាតិ សម្តេចពន្យល់ថា៖ ដោយសារចំនួនភ្ញៀវទេសចរចិន មកកម្ពុជាមានចំនួនច្រើន ទើបរដ្ឋាភិបាលកម្ពុជា មិនសម្រេចចិត្តបិទជើងហោះហើរពីចិនមកម្ពុជា។ ការបិទជើងហោះហើរ ជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចជាតិ ធ្វើឱ្យធ្លាក់ភ្ញៀវទេសចរ ឯសណ្ឋាគារក៏ប៉ះពាល់ដូចគ្នា។
និងមូលហេតុទី២. បើកម្ពុជាបិទជើងហោះហើរត្រង់ពីចិន នឹងកាត់បន្ថយទំនាក់ទំនងកម្ពុជា-ចិន៖ត្រង់មូលហេតុនេះ សម្តេចបានបញ្ជាក់ដែរថា ការបិទជើងហោះហើរពីចិនមកកម្ពុជា ប្រៀបបាននឹងកាត់បន្ថយទំនាក់ទំនងកម្ពុជា-ចិន ខណៈប្រទេសទាំង២ កំពុងមានទំនាក់ទំនងល្អ ហើយចិនជាប្រទេសដែលមានចំនួនប្រជាជនច្រើន ឯរដ្ឋាភិបាលចិន ក៏មានការទទួលខុសត្រូវខ្ពស់ ដោយបានបិទជើងហោះទាំងក្នុងស្រុក និងក្រៅស្រុក ពីតំបន់ផ្ទុះករណីឆ្លងវីរុសកូរ៉ូណាថ្មី រួចទៅហើយ ដូចនេះ មិនចាំបាច់កម្ពុជាបិទនោះទេ។
នេះគឺជាសារលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួន ជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
រហូតមកដល់ពេលនេះ ជនជាតិចិនម្នាក់នេះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា កំពុងមានសុខភាពល្អជាធម្មតា ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ ខណៈដែលមន្រ្តីសុខាភិបាល កំពុងយកចិត្តដាក់ ក្នុងការតាមដានផងដែរ។
ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករានេះ យ៉ាងហោចណាស់មនុស្សចំនួន ១៧០នាក់បានស្លាប់ ហើយជាង ៧,០០០ករណីនៅប្រទេសចិន ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគកូរ៉ូណាវីរុស។ ជាងនេះទៅទៀត ករណីនៃវីរុសកូរ៉ូណាចំនួន៩០ ត្រូវបានបញ្ជាក់ នៅតាមបណ្ដាប្រទេសមួយចំនួននៅទូទាំងពិភពលោក ដែលក្នុងនោះ រួមមានប្រទេសកម្ពុជា មួយករណីផងដែរ៕
