header ads

Sponsor

កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ច្បាស់អំពីគោលជំហរឥតស្រពិចស្រពិលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលដែលដែលប្រទេសចិនកំពុងជួបបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) គឺកម្ពុជាមិនត្រូវការជម្លៀសសិស្ស និស្សិត ឬមន្រ្តីកុងស៊ុល និងមន្រ្តីស្ថានទូតមកកម្ពុជាវិញទេ។

ជំហរបែបនេះ គឺសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានសម្រេចរួចហើយនៅប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះជួបគ្រោះរញ្ជួយផែនដីដែលបានធ្វើអោយប៉ះពាល់ដល់រ៉េអាក់ទ័រអគ្គីសនីដើរដោយថាមពលនុយក្លេអែរដែលបង្កការប៉ះពាល់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិពលរដ្ឋជប៉ុនយ៉ាងច្រើន។ ក្នុងពេលនោះ គឺកម្ពុជាមិនបញ្ជូនសិស្សនិស្សិត មន្រ្តីកុងស៊ុល និងមន្រ្តីទូតចេញពីជប៉ុនទេ គឺយើងរក្សាទុកនៅទីក្រុងតូក្យូទាំងអស់ ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាលជប៉ុន។ ទន្ទឹមនឹងនោះដែរ គឺកម្ពុជាបានចូលរួមរៃអង្គាសមូលនិធិជួយជប៉ុនថែមទៀតផង ទោះបីច្រើនឬតិចក្តី ។ កម្ពុជាជាប្រទេសក្រីក្រពិតមែន តែទឹកចិត្តយើងអត់ក្រទេ ហើយមិត្តជប៉ុនក៏បានអរគុណកម្ពុជាចំពោះទឹកចិត្តនិងមិត្តភាពដ៏ល្អនេះ។

ករណីមួយទៀតគឺយើងបានសម្រេចដូចគ្នានៅប្រទេសកូរ៉េខាងត្បូង នៅពេលដែលប្រទេសកូរ៉េខាងជើងប្រកាសធ្វើសង្គ្រាម ក៏កម្ពុជាមិនជម្លៀសពលរដ្ឋ សិស្ស និស្សិតខ្មែរចេញពីកូរ៉េខាងត្បូងដែរ គឺយើងនៅរួមសុខទុក្ខជាមួយគ្នា ។ ដោយសារភាពស្មោះត្រង់ និងគុណធម៍ដែលកម្ពុជាមានចំពោះប្រទេសកូរ៉េខាងត្បូង គឺប្រទេសនេះបានទទួលយកបងប្អូនកូនក្មួយកម្មករជាច្រើនពីកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េ។

នៅពេលនេះ ប្រទេសចិនជាមិត្តក៏កំពុងជួបបញ្ហាដែលកម្ពុជាមិនអាចរត់ចោលមិត្តបានឡើយ គឺដូចពាក្យខ្មែរយើងដែលតែងនិយាថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ហើយក៏មិនរត់ចោលគ្នាក្នុងគ្រអាសន្នលំបាកឡើយ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post