header ads

Sponsor

ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ខាងមុខ។ កម្មវិធីនេះ គ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០ នាក់។

បើតាមលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន កម្មវិធីនេះ ធ្វើឡើងដើម្បីបង្កើនសេចក្តីស្រឡាញ់​ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជា ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ី​ នៅកម្ពុជានិយាយជារួម​ និងជាពិសេសនៅតំបន់ព្រៃឡង់។លោក បន្ថែមយ៉ាងនេះថា ៖ «ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។

នៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ​ ជីវ:ចម្រុះ​ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។

គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។

ផ្ដល់សិទ្ធិដោយ ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post