ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចំនួន៧៥.០០០ដុល្លារ ដើម្បីបន្តអនុវត្តគម្រោងអភិរក្សវត្ថុជាតិពន្ធុសតវត្សទី២០ ក្នុងដំណាក់កាលទី២ចាប់ពីដើមឆ្នាំ២០២០នេះ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះហត្ថលេខាទទួលថវិកាពីឯកអគ្គរដ្ឋទូតអាមេរិក នាព្រឹកថ្ងៃទី១៦ ខែ មករាឆ្នាំ២០២០ នៅសារមន្ទីរទួលស្លែង។
នៅក្នុងពិធីនេះ លោកជំទាវ ភឿង សកុណា បានលើកឡើងអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូច្នេះថា«ប្រជាពលរដ្ឋមានខោអាវតែមួយសម្រាប់ ប៉ះរហែកដាច់រយ៉េរយៃ។ ខោអាវនេះ បង្ហាញឲ្យឃើញថា ភាពក្រលំបាកនៅក្នុងសម័យនោះ បុគ្គលម្នាក់ៗ មានភាពឈឺចាប់នូវទិដ្ឋភាពក្នុងសារមន្ទីរគុកទួលស្លែង»។
លោកជំទាវបន្ថែមដូច្នេះថា«យើងបន្ត អភិរក្សខោអាវ ក៏ដូចជារបស់ប្រើប្រាស់ធ្វើទារុណកម្ម និងខ្នោះដែលវាខូចខាត ដើម្បីទុកឲ្យបងប្អូន ជំនាន់ក្រោយដែលជាភស្តុតាងកុំឲ្យមានរបបប្រល័យពូជសាសន៍វិលមកជាថ្មីក្នុងប្រទេសរបស់យើង»។
សូមជម្រាបថា សារមន្ទីរបានអនុវត្តការងារអភិរក្សវាយនភណ្ឌចំនួន៨៣៦វត្ថុ បំណែកក្រណាត់ចំនួន ២១កេស និងការរៀបចំទុកដាក់វាយនភណ្ឌទាំងអស់នៅក្នុងឃ្លាំសរុបចំនួន៦៧កេស ក្នុងដំណាក់កាលទី១ ដែលឯកអគ្គរដ្ឋទូតអាមេរិកយល់ព្រមផ្ដល់ថវិកាចំនួន ៥៥.៥០០ ដុល្លាអាមេរិកក្នុងឆ្នាំ២០១៨៕ អត្ថបទ៖ ញឹក សំអូន
ផ្ដល់សិទ្ធិដោយ៖ KhmerNas