មន្រ្តីនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកមានគម្រោងត្រូវធ្វើដំណើរទៅកាន់ប្រទេសចិន ត្រូវប្រុងប្រយ័ត្នអំពីជំងឺសួតចម្លែកម្យ៉ាង ដែលគេមិនទាន់កំណត់អត្តសញ្ញាណថាបង្កឡើងពីវីរុសអ្វីនៅឡើយ ខណៈជំងឺនេះកំពុងផ្ទុះឡើងនៅក្នុងទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន។
សេចក្ដីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី១០មករានេះបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ គេរាយការណ៍ជាដំបូងថា នៅទីក្រុងវូហាន ត្រូវគេរកឃើញមានជំងឺរលាកសួតប្រភេទនេះ ដែលចេញរោគសញ្ញាភាគច្រើន ក្ដៅខ្លួន និងហត់ ហើយនៅពេលថតកាំរស្មីបង្ហាញថា មានដំបៅសួតសងខាង។
សេចក្ដីជូនដំណឹងដដែលបន្តថា ការអង្កេតស្រាវជ្រាវដោយមន្ទីរពិសោធន៍នៃប្រទេសចិន កំពុងតែបន្តធ្វើឡើង ដើម្បីស្វែងរកអត្តសញ្ញាណនៃជំងឺរលាកសួតដ៏ចម្លែកនេះ ខណៈអង្គការសុខភាពពិភពលោកក៏បានប្រកាសដែរថា អ្នកជំនាញកំពុងតែប្រមូលព័ត៌មានអេពីដេមីសាស្រ្ដ និងមន្ទីរពិសោធន៍បន្ថែមទៀត ដើម្បីកំណត់រកអត្តសញ្ញាណនៃវីរុសជំងឺនេះ។
គិតត្រឹមថ្ងៃទី៥មករាឆ្នាំ២០២០នេះ នៅក្នុងទីក្រុងវូហាន គឺមានមនុស្សចំនួន៥៩នាក់ហើយ បានកើតជំងឺរលាកសួតចម្លែកនេះ ខណៈ៧នាក់មានស្ថានភាពជំងឺធ្ងន់ធ្ងរ ហើយអ្នកដទៃទៀត មានស្ថានភាពហ្នឹងនរនៅឡើយ៕
ផ្ដល់សិទ្ធិដោយ៖ KhmerNas