
រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅថ្ងៃសុក្រម្សិលមិញ ហើយថែមទាំងបានប្រកាសពីការហាមឃាត់ការចូលទឹកដីរបស់សហរដ្ឋអាមេរិកចំពោះជនជាតិបរទេសណា ដែលទើបបានធ្វើដំណើរទៅលេងប្រទេសចិននាពេលថ្មីៗនេះ។
ចំណែកពលរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅកាន់ខេត្តហ៊ូប៉ីរបស់ប្រទេសចិន ដែលជាចំណុចកណ្តាលនៃការឆ្លងរាលដាលនៃវីរុសថ្មី ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នឹងត្រូវទទួលរងនូវការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីប្រាកដថាពួកគេមិនបានឆ្លងមេរោគ។
រីឯជនជាតិអាមេរិកដែលបានធ្វើដំណើរទៅតំបន់ផ្សេងទៀតនៃប្រទេសចិនដីគោក នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពពិសេស នៅពេលពួកគេវិលត្រឡប់មកប្រទេសវិញ ដោយត្រូវតាមដានរយៈពេល១៤ថ្ងៃ។
វិធានការហាមឃាត់ជនបរទេស ដែលធ្វើដំណើរទៅកាន់ប្រទេសចិន មិនឱ្យចូលទឹកដីអាមេរិក របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការដាក់ឱ្យនៅដាច់ឆ្ងាយពីគេសម្រាប់ជនជាតិអាមេរិកដែលវិលត្រឡប់មកពីហ៊ូប៉ីគឺចូលជាធរមាននៅថ្ងៃអាទិត្យម៉ោង៥ល្ងាច។
សេតវិមានបាននិយាយថា ជាមធ្យមមនុស្សជាង១៤.០០០នាក់ បានធ្វើដំណើរតាមយន្តហោះទៅកាន់សហរដ្ឋអាមេរិកពីប្រទេសចិនក្នុងមួយថ្ងៃៗ ទាំងការហោះហើរត្រង់ឬការផ្លាស់ប្ដូរជើងហោះហើរ៕
ប្រភព៖Reuter
ផ្ដល់សិទ្ធិដោយ៖ Khmernas