ភ្នំពេញ៖ និស្សិត២៣នាក់ ដែលកំពុងស្នាក់នៅនិងសិក្សា នៅទីក្រុងវូហាន ប្រទេសចិន បានទទួលថវិកា៤៦លានរៀល ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំរបស់ពួកគេ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នៅថ្ងៃទី៤ កុម្ភៈ។
ក្រសួងអប់រំ បានបញ្ជាក់ថា និស្សិតខ្មែរទាំង២៣នាក់ ដែលកំពុងស្នាក់នៅតំបន់ផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មីនេះ គឺមានសុខភាពរឹងមាំល្អ ដោយគ្មាននិស្សិតណាម្នាក់ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ។ បើតាមក្រសួងអប់រំ និស្សិតទាំង២៣នាក់នេះ ក៏បានទទួលអាហារ៣ពេលក្នុងមួយថ្ងៃ ពីខាងសាកលវិទ្យាល័យ ដែលបានផ្គត់ផ្គង់អាហារទៅដល់បន្ទប់ពួកគេស្នាក់នៅតែម្ដង។ ដោយឡែកនិស្សិតមួយចំនួនទៀត ត្រូវទិញអាហារដោយខ្លួនឯង ដែលមានទីតាំងនៅជិតសាកលវិទ្យាល័យ។
«ក្រសួងបានផ្ដល់ថវិកាសរុបចំនួន៤៦លានរៀល ដោយនិស្សិតម្នាក់ៗទទួលបានថវិកា២លានរៀល ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ របស់និស្សិតទាំង២៣រូប»។ នេះជាការបញ្ជាក់របស់ក្រសួងអប់រំ។
បើតាមក្រសួងអប់រំ ថវិកាទាំងនេះ បានផ្ដល់ទៅកាន់លោក ប៉ែន បារាំង តំណាងនិស្សិតខ្មែរ ដែលរស់នៅទីក្រុងវូហាន ជាអ្នកចាត់ចែងបន្ត។
ដើមឡើយនិស្សិតខ្មែរ ដែលស្នាក់នៅនិងសិក្សានៅទីក្រុងវូហាន មានចំនួន៨៩នាក់ ប៉ុន្តែនិស្សិត៦៦នាក់ បានធ្វើដំណើរមកលេងកម្ពុជា កាលពីដើមខែមករា ដោយទទួលបានការអនុញ្ញាតឱ្យឈប់សម្រាក និងស្របពេលវិស្សមកាលរដូវរងាផងដែរ។ បច្ចុប្បន្នសាកលវិទ្យាល័យចិន បានពន្យាពេលវិស្សមកាលដល់សិស្ស ដោយសារតែករណីផ្ទុះវីរុសប្រភេទថ្មីនេះ។ នេះបើតាមក្រសួងអប់រំ។
