header ads

Sponsor

ភ្នំពេញ៖ គិតត្រឹមខែមករា ឆ្នាំ២០២០ ក្រុមអ្នកអភិរក្សមកពីសហគមន៍មូលដ្ឋាន និងអង្គការអភិរក្សសត្វព្រៃ (WCS) បានរកឃើញសំបុកអណ្ដើកហ្លួងចំនួន០៣ ដែលមានពងចំនួន៥១ពង នៅតំបន់ព្រែកស្រែអំបិល ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ ការរកឃើញពងអណ្ដើកទាំងនេះ ធ្វើឡើងក្រោយពី ក្រសួងចំនួនពីរ សម្រេចឱ្យបញ្ឈប់រាល់សកម្មភាពបូមខ្សាច់ ហើយដាក់ប្រព័ន្ធព្រែកស្រែអំបិល ដើម្បីអភិរក្សសត្វអណ្ដើក និងក្រពើត្រី។

ក្រសួងរ៉ែ និងថាមពល សម្រេចបញ្ឈប់រាល់សកម្មភាព បូមខ្សាច់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល កាលពីឆ្នាំ២០១៧  ។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី កាលពីឆ្នាំ២០១៩ ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រសួងទាំងពីរនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វអណ្ដើក និងក្រពើត្រី។«ការប្រកាសស្ដីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្ដើកហ្លួង និងក្រពើត្រីនេះ មិនអនុញ្ញាតឲ្យមានការនេសាទខុសច្បាប់ និងជាពិសេសសកម្មភាពបូមខ្សាច់នានានៅតាមប្រព័ន្ធព្រែកស្រែអំបិលមានដូចជាព្រែកកំពង់សោម ព្រែកក្អោង និងព្រែកកំពង់លើជាដើម»។នេះជាការបញ្ជាក់របស់លោក វិបុល។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអភិរក្សសត្វព្រៃ (WCS) ចំនួនសំបុកអណ្ដើកហ្លួង មានការកើនឡើង បើធៀបទៅរយៈពេល៤ឆ្នាំកន្លងទៅដែលមានត្រឹមតែ១សំបុកប៉ុណ្ណោះក្នុង១ឆ្នាំ។

លោក កែន សេរីរដ្ឋា នាយកអង្គការអភិរក្សសត្វព្រៃ (WCS) បានបញ្ជាក់ថា ការកើនឡើងនៃចំនួនសំបុកនេះ ដោយសារមានការសហការល្អ រវាងរដ្ឋាភិបាល តាមរយៈការបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់ និងដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្ស សម្រាប់អណ្ដើកហ្លួងនាពេលកន្លងមក។ ក្នុងនោះ ការសហការរួមគ្នា ក្នុងការលែងអណ្ដើក ជំទង់ចំនួន៨៦ក្បាល នាពេលកន្លងមក ក៏បានរួមចំណែក ធ្វើឲ្យមានការកើនឡើង ចំនួនសំបុកនេះផងដែរ។

គួរបញ្ជាក់ថា អណ្ដើកហ្លួង ត្រូវបានអង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ចាត់ទុកថា ជាប្រភេទសត្វកំពុង ទទួលរងគ្រោះជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្ដើក ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេ នៅលើពិភពលោក។ អណ្ដើកហ្លួង ក៏ត្រូវបានដាក់ជាឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជាផងដែរ។ នេះបើតាមអង្គការអភិរក្សសត្វព្រៃ (WCS)៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post