សម្ដេច ហ៊ុន សែន បានលើកឡើងថា ប្រសិនបើសម្ដេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដកតំណែងរដ្ឋមន្រ្តីក្រសួងសុខាភិបាលចោល ដោយសារបំពេញការងារខ្ជីខ្ជានិងគ្មានទំនួសខុសត្រូវ។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី២១កុម្ភៈនេះថា ស្រ្ដីជនជាតិអាមេរិកកាំងជាអ្នកទេសចរតាមនាវាWesterdam ដែលបានរកឃើញឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីចាកចេញពីកម្ពុជាទៅដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥កុម្ភៈ គឺត្រូវបានព្យាបាលជាសះស្បើយវិញហើយ។
សម្ដេច ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា៖«ហេតុតែពូកែស្រែកម្ដងហើយម្ដងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២ពាន់នៅលើនាវាផង ពិសេសយុត្តិធម៌សម្រាប់ស្រ្ដីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងCovid-19។ ទម្រាំបានយុត្តិធម៌ វិបត្តិមនុស្សធម៌បានកើតឡើងអស់មួយសប្ដាហ៍។ បើពូជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពូនឹងដករដ្ឋមន្រ្តីសុខាភិបាលចោល ដោយសារធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ជាតិសាសន៍៤១ប្រទេស។ ប្រទេសយើងក្រតែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ»។
កាលពីថ្ងៃទី២០ សម្ដេច ហ៊ុន សែន ក៏បានប្រកាសថា ស្រ្ដីទេសចរអាមេរិកកាំងដែលម៉ាឡេស៊ីបានអះអាងថាឆ្លងវីរុសCovid-19 គឺជារឿងមន្ទិលសង្ស័យមួយ។ សម្ដេចសង្ឃឹមថា ស្រ្ដីនោះនឹងលាតត្រដាងការពិត នៅពេលនាងត្រូវបានប្រទេសម៉ាឡេស៊ីអនុញ្ញាតឱ្យចាកចេញពីម៉ាឡេស៊ីត្រឡប់ទៅដល់សហរដ្ឋអាមេរិកវិញ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas