header ads

Sponsor

ភ្នំពេញ៖ បុណ្យទន្លេនៅខេត្តបាត់ដំបង នាឆ្នាំនេះ នឹងអាចទាញភ្ញៀវទេសចរច្រើនជាង ១លាននាក់ និងរកចំណូលបាន៥០លានដុល្លារអាមេរិក ។ នោះក៏ព្រោះតែកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេនៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ថោង ខុន បានបញ្ជាក់ថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងនេះ ក៏ជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយ ដែលនឹងជំរុញចលនាទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិមួយចំនួនផង។ រដ្ឋមន្ត្រីទេសចរណ៍ បានសង្កត់ធ្ងន់ដូច្នេះថា៖« ពង្រីកការផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យទន្លេទៅដល់ទីផ្សារទេសចរណ៍ ក៏ដូចជាទៅដល់ប្រជាពលរដ្ឋក្នុងប្រទេសឱ្យកាន់តែខ្លាំងជាងមុន ដើម្បីចូលរួមចំណែកក្នុងការជំរុញចលនាទេសចរក្នុងប្រទេស ស្របដែលមានវិបត្តិនៃការរីករាលដាលជំងឺ Covid-19 ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយថា ប្រទេសខ្លួនជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព មិនភ័យព្រួយពីបញ្ហាឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដូចប្រទេសដទៃឡើយ»។

ដោយមើលឃើញពីសក្ដានុពលទេសចរណ៍នេះ លោក ថោង ខុន បានរំពឹងថា ពីធីបុណ្យទន្លេនៅខេត្តបាត់ដំបងនៅឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរមិនតិចជាង ១លាននាក់ ដោយទទួលបានចំណូលក្នុងរង្វង់ ៥០លានដុល្លារ (ទេសចរម្នាក់ចាយមិនក្រោម ៥០ដុល្លារ) ។ មូលហេតុដែលលោក ថោង ខុន អះអាងបែបនេះ ដោយសារខេត្តបាត់ដំបងជាគោលទេសចរណ៍ទី២ មានសក្ដានុពលទេសចរណ៍គួរឱ្យទាក់ទាញ និងមានបន្សល់នូវសម្បត្តិបេតិកភណ្ឌជាច្រើនសម្បូរបែប។ ម្យ៉ាងនៅជិតគោលដៅទេសចរណ៍សៀមរាប-អង្គរថែមទៀត រួមទាំងលំហូរទេសចរណ៍ពីខាងប្រទេសថៃ។

ពិធីបុណ្យទន្លេលើកទី៦ នៅរៀបចំនៅខែមីនា ឆ្នាំ២០២០ នាខេត្តបាត់ដំបង ដែលត្រូវបានចាត់ទុកជាជម្រុកស្រូវរបស់កម្ពុជា ជាទីក្រុងបេតិកភណ្ឌដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ដែលជាបណ្ដុំទៅដោយម្ហូបអាហារឆ្ងាញ់ និងប្លែកៗ ។ ជាពិសេសមានស្រាទំពាំងបាយជូរ និងសម្បូរទៅដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌសំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោលដៅកសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។

ពិធីនេះ ក៏មានការសម្ដែងសិល្បៈរបាំ ល្ខោនបាសាក់ ការប្រគំតន្ត្រី កីឡាប្រដាល់គុនខ្មែរ និងកម្មវិធីកីឡាជាច្រើនទៀត ដល់ប្រជាពលរដ្ឋនៅតាមភូមិស្រុកជនបទ ដើម្បីឱ្យប្រជាជនបានទស្សនាការសម្ដែងសិល្បៈល្អៗមកពីថ្នាក់ជាតិ និងផ្សព្វផ្សាយពីវប្បធម៌ជាតិដល់ពួកគេផងដែរ។ ជាពិសេសការៀបចំវិថីម្ហូបអាហារ និងការតាំងបង្ហាញពីផលិតផលទេសចរណ៍ ផលិតផល ឬម្ហូបអាហារ ដែលផលិតបានក្នុងខេត្ត លក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាបុណ្យទន្លេ សំដៅជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈការរៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post