តម្លៃផ្លែធូរ៉េននៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយសារតែមិនសូវមានតម្រូវការពីប្រទេសចិន ខណៈប្រទេសកំពុងផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរីCNAនៅថ្ងៃទី៧ខែកុម្ភៈ។
កសិករដាំធូរ៉េននៅប្រទេសម៉ាឡេស៊ីសម្រាប់នាំចេញទៅប្រទេសចិនបានលើកឡើងថា ការរំខានដល់ឧស្សាហកម្មដឹកទំនិញរបស់ប្រទេសចិនការ ការបិទចរាចរណ៍ចេញចូលនៅតាមទីក្រុងមួយចំនួន និងការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ ដោយសារតែការផ្ទុះឡើងវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិន បានធ្វើឱ្យមានការបញ្ជាទិញមានភាពយឺតយ៉ាវជាងមុន។
កសិករដាំធូរ៉េនម្នាក់នៅរដ្ឋJohor ដែលជាអ្នកនាំផ្លែឈើជាច្រើនប្រភេទ និងផ្លែធូរ៉េនទៅកាន់ទីក្រុងប៉េងកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និងទីក្រុងQingdao បានប្រាប់សារព័ត៌មានCNAថា តម្លៃផ្លែធូរ៉េនបានធ្លាក់ចុះយ៉ាងហោចណាស់៥០%។ កសិករនេះបន្តថា ការបញ្ជាទិញបានធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ ដោយសារទីក្រុងជាច្រើនរបស់ប្រទេសចិន បានបិទចរាចរណ៍ចេញចូល។
លោក លីម ដែលជាម្ចាស់ចម្ការធូរ៉េនតូចមួយនៅតំបន់Raubប្រទេសម៉ាឡេស៊ីបាននិយាយថា រដ្ឋាភិបាលចិនមិនបានបញ្ឈប់ការនាំចូលផ្លែធូរ៉េននោះទេ ប៉ុន្តែការផ្ទុះឡើងនូវមេរោគថ្មីនេះ បានបន្ថយល្បឿននៃការដឹកជញ្ជូនផលិតផលឆ្លងកាត់ព្រំដែនចិន។ លោកបន្តថា ធូរ៉េនមួយគីឡូមានតម្លៃប្រហែល១៤ដុល្លារ ប៉ុន្តែឥឡូវបានធ្លាក់ថ្លៃប្រហែលពាក់កណ្ដាល។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលម៉ាឡេស៊ីបានផ្អាកជាបណ្តោះអាសន្នក្នុងការផ្តល់ទិដ្ឋាការដល់ប្រជាជនទាំងអស់មកពីខេត្តហ៊ូប៉ីរបស់ប្រទេសចិន រួមទាំងរដ្ឋធានីវ៉ូហានរបស់ខេត្តនេះ ដែលជាកន្លែងកំពុងផ្ទុះវីរុសកូរ៉ូណា។ ការហាមឃាត់ជាបណ្តោះអាសន្ននេះ ក៏ត្រូវបានពង្រីកដល់ខេត្តទាំងអស់របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍នេះ៕
