នៅថ្ងៃព្រហស្បតិ៍នេះ មន្រ្តីសុខាភិបាលថៃបានលើកទឹកចិត្តឱ្យប្រជាជននៅតាមផ្ទះ ត្រូវធ្វើអនាម័យដៃនិងពាក់ម៉ាស់ ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងថ្មី។
នៅថ្ងៃព្រហស្បតិ៍ ប្រទេសថៃក៏បានចាប់ផ្តើមអនុវត្តវិធានការ ត្រួតពិនិត្យតម្លៃលក់ម៉ាស់និងរបស់សម្រាប់ធ្វើអនាម័យដៃ ចំពេលមានការផ្គត់ផ្គង់ខ្វះខាតនៅក្នុងហាងលក់ឱសថមួយចំនួន។ អាជ្ញាធរប្រទេសនេះប្រកាសថា អ្នកដែលលក់ម៉ាស់និងរបស់ធ្វើអនាម័យដែលមានតំលៃថ្លៃខុសពីធម្មតា នឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៧ឆ្នាំឬពិន័យប្រាក់រហូតដល់១៤០,០០០បាត ស្មើរនឹង៤.៥០៧ដុល្លារ។
ប្រកាសបានអនុញ្ញាតឱ្យអ្នកទិញម្នាក់ គឺអាចទិញម៉ាស់បានតែចំនួន១០ប៉ុណ្ណោះ ហើយអ្នកដែលអាចដឹកជញ្ជូនលើសពី៥០០ម៉ាស់ គឺត្រូវសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន។
លោក Anutin Charnvirakul រដ្ឋមន្រ្តីសុខភាពសាធារណៈបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា«ប្រសិនបើមិនអាចរកទិញប្រដាប់ធ្វើអនាម័យដៃនៅក្នុងហាងទេ គឺពលរដ្ឋអាចធ្វើវាដោយខ្លួនឯងបាន។ ត្រូវលាយទឹកស្អាតជាមួយអាល់កុល ហើយត្រូវយកវាតាមខ្លួន នៅពេលត្រូវចេញទៅគ្រប់កន្លែង។ យើងត្រូវការពារខ្លួនយើងពីមេរោគ ត្រូវញ៉ាំអាហារក្តៅ ប្រើស្លាបព្រា ពាក់ម៉ាស់ និងលាងដៃ»។
ប្រទេសថៃបានប្រកាសករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៥ករណី ដែលក្នុងនោះមានជនជាតិចិន១៦នាក់ និងថៃ ៩នាក់។ ៩នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ខណៈអ្នកនៅសេសសល់ បន្តព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយ៕
ប្រភព៖ Reuter
ផ្ដល់សិទ្ធិដោយ៖ Khmernas