ភ្នំពេញ៖ អ្នកវិនិយោគិនមកពីប្រទេសអាល្លឺម៉ង់ បានធ្វើការសិក្សាពីលទ្ធភាពដាំឫស្សី នៅកម្ពុជា សម្រាប់កែច្នៃផលិតផល នាំចេញទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីប្រមូលផល ក្រោយការដាំដុះក្នុងរយៈពេល៤ឆ្នាំ ខណៈក្រុមហ៊ុននេះ មានបទពិសោធន៍ គ្រប់គ្រាន់ ទាំងការដាំ កែច្នៃ និងការរកទីផ្សារ ដោយអនុវត្តន៍បច្ចេកវិទ្យារបស់ប្រទេសអាល្លឺម៉ង់ រួមទាំងទទួលបានការ គាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។
លោក THUREING AUNG នាយកក្រុមហ៊ុន LIPP Engineering Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលការគាំទ្រពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការបោះទុនវិនិយោគ ដាំដុះឫស្សី ដោយប្រើពូជពីបរទេស សម្រាប់ប្រើប្រាស់លើវិស័យថាមពល និងកែច្នៃទៅជាផលិតផលសម្រាប់នាំចេញផ្សេងទៀត។
លោកបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី០៦ ខែកុម្ភៈថា ក្រុម ហ៊ុនបានបម្រុងទុនប្រមាណ ៧៥០លានដុល្លារអាម៉េរិក លើគម្រោងដាំដើមឫស្សី និងបង្កើត រោងចក្រកែច្នៃនៅ កម្ពុជាក្នុងដំណាក់កាលទី១ លើផ្ទៃដីសរុបជាង២ម៉ឺន ៥ពាន់ហិកតា។
សូមបញ្ជាក់ថា គម្រោងវិនិយោគនេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ និងគាំទ្រ ដោយសារថា កម្ពុជាមានធនធានឫស្សីយ៉ាងច្រើន និងលក្ខណ:អំណោយផលក្នុងការដាំដុះក៏ល្អប្រសើរ ខណៈនៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលនៅឡើយ។
លោករដ្ឋមន្ត្រីបាន ណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយរដ្ឋបាលព្រៃឈើ ដើម្បីជ្រើសរើស សហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នា វិនិយោគលើផលិតកម្មឫស្សីនេះ ដោយក្រសួងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចការគ្រោងទុក៕
ផ្ដល់សិទ្ធិដោយ៖ Khmernas