សម្ដេច ហ៊ុន សែន បានប្រាប់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ថា សម្ដេចមិនពាក់ម៉ាស់នៅក្នុងដំណើរទស្សនកិច្ចមកប្រទេសចិននេះ ហើយថែមទាំងហ៊ានចាប់ដៃជាមួយនាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាន ដែលទើបធ្វើដំណើរទៅកាន់ទីក្រុងវ៉ូហាន ជាតំបន់កំពុងផ្ទុះការរីករាលដាលនៃវីរុសកូរ៉ូណាថែមទៀត។
ទំព័រហ្វេសប៊ុកសម្ដេចសរសេរថា«មុននេះសម្តេចបានចាប់ដៃ ឯកឧត្តម លី ខឺឈាង បើទោះបីជាឯកឧត្តម ទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។ សម្តេចតេជោគូសបញ្ជាក់ថា សម្តេចមិនពាក់ម៉ាស់ទេ បើពាក់ម៉ាស់មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។ សម្តេចបានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ»។
សម្ដេច ហ៊ុន សែន បានបន្តថា ដំណើរទស្សនកិច្ចមកប្រទេសចិននៅថ្ងៃពុធនេះ ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាក ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅនិងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន និងជាការបញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ថាជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ«កូរ៉ូណា»នោះទេ គឺជំងឺភ័យខ្លាច។
សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas