header ads

Sponsor

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទៅរដ្ឋាភិបាលចិន ឱ្យជួយដល់សេដ្ឋកិច្ចកម្ពុជាផង នៅពេលដែលសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms) ពីកម្ពុជា។ ការស្នើសុំរបស់សម្ដេចនេះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង នាទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ កុម្ភៈ។

សម្ដេច ហ៊ុន សែន បានទៅទស្សនកិច្ចប្រទេសចិន ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលចិន ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណានេះ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនរត់ចោលចិននោះទេ ជាពិសេសក្នុងគ្រាដែលលំបាកបែបនេះ។

នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង យល់ពីជម្រៅចិត្តមេដឹកនាំកម្ពុជា ហើយចាត់ទុកថា ជាសកម្មភាពគាំទ្រខ្ពស់មួយដល់រដ្ឋាភិបាលចិន។ លោក លី ខឺឈាំង ថា កម្ពុជា គឺជាមិត្តស្មោះត្រង់របស់ចិន។

ក្រៅពីបង្ហាញទឹកចិត្តប្រាប់គ្នាទៅវិញទៅមកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ឆ្លៀតស្នើសុំឱ្យរដ្ឋាភិបាលចិន ជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ នៅពេលដែលសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms) ពីកម្ពុជា ។ បើតាមសម្ដេច ហ៊ុន សែន សហភាពអឺរ៉ុប នឹងចេញសេចក្តីសម្រេចខ្លួន នៅពាក់កណ្ដាលខែកុម្ភៈនេះ។

ថ្លែងក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ។ ស្នើឱ្យរដ្ឋាភិបាលចិន ជួយជំរុញ វិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជំរុញការគៀងគរវិនិយោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន»។

ឆ្លើយតបនឹងសំណើរដ្ឋាភិបាលកម្ពុជានេះ លោក លី ខឺឈាំង បានបញ្ជាក់ថា ចិននឹងបន្តការគាំទ្រ និងគៀងគរវិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីចិន បាននិយាយដូច្នេះថា៖«ចិននឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន»។

ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់។ នេះជាការបន្ថែមរបស់លោក លី ខឺឈាំង៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post