
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសចិនជាច្រើនលើកច្រើនសារ ហើយថែមទាំងបានធ្វើទស្សនកិច្ចពិសេសមួយមកកាន់ប្រទេសចិននៅថ្ងៃពុធនេះ ដែលជាការបង្ហាញនូវមិត្តភាពដែលមិនអាចបំបែកបាន និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងភាគីទាំងពីរ និងបានបង្ហាញពីសារសំខាន់នៃការកសាងសហគមន៍នៃអនាគតរួមគ្នា។ លោក ស៊ី បានកោតសរសើរយ៉ាងខ្លាំងចំពោះឥរិយាបទរបស់ប្រទេសកម្ពុជានៅពេលនេះ។ នេះបើតាមចុះផ្សាយសារព័ត៌មានចិនHINHUANET។
នៅថ្ងៃពុធទី៥នេះ លោក ស៊ី ជីនពីង បានជួបជាមួយសម្តេច ហ៊ុន សែន នៅឯវិមានប្រជាជននៅទីក្រុងប៉េកាំង ដោយលោកបានប្រាប់សម្ដេច ហ៊ុន សែន ថា រដ្ឋាភិបាលនិងប្រជាជនចិនកំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសឆ្លងកូរ៉ូណា។ លោកបានគូសបញ្ជាក់ប្រាប់សម្ដេច ហ៊ុន សែន ទៀតថា មិត្តដែលជួយគ្នាក្នុងគ្រាលំបាកគឺជាមិត្តពិតប្រាកដ ខណៈប្រទេសកម្ពុជាបានឈរជាមួយប្រជាជនចិននៅអំឡុងពេលដ៏ពិសេសនេះ។
សម្ដេច ហ៊ុន សែន បានប្រកាសមិនបិទជើងហោះហើរជាមួយចិន និងមិនបញ្ជូននិស្សិតខ្មែរនៅទីក្រុងវ៉ូហាន ត្រឡប់មកប្រទេសកម្ពុជាវិញ ដូចជាប្រទេសមួយចំនួនបានធ្វើឡើយ ថ្វីត្បិតនៅពេលនេះ ប្រទេសចិនកំពុងរងការរីករាលដាលកាន់តែខ្លាំងដោយសារវីរុសកូរ៉ូណាថ្មីយ៉ាងណាក៏ដោយ។
សារព័ត៌មានHINHUANET បានផ្សាយបន្តថា លោកស៊ីបានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិនបានអនុម័តនូវវិធានការណ៍ការពារនិងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់និងតឹងរ៉ឹងបំផុតប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះប្រជាជនចិននិងសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយការរីករាលដាលនៃជំងឺនេះ។
លោកថា«បច្ចុប្បន្នការងារបង្ការនិងត្រួតពិនិត្យកំពុងទទួលបានលទ្ធផលជាវិជ្ជមាន។ យើងនឹងយកចិត្តទុកដាក់ដល់ពលរដ្ឋកម្ពុជានៅក្នុងប្រទេសចិន រួមទាំងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន និងការពារអាយុជីវិតនិងសុខភាពរបស់ពួកគេ ឱ្យដូចដែលយើងព្យាបាលពលរដ្ឋចិនដែរ»។
លោក ស៊ី បានមានប្រសាសន៍ថានៅឆ្នាំ២០២០ ប្រទេសចិននឹងរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា អនុវត្តផែនការសកម្មភាពលើការកសាងសហគមន៍នៃអនាគតរួមគ្នានៃប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជាឱ្យឈានដល់ចំណុចកំពូលថ្មី។
សម្ដេច ហ៊ុន សែន បានថ្លែងថា នៅពេលដែលប្រទេសចិនស្ថិតក្នុងគ្រាលំបាក ប្រជាជនកម្ពុជាបានឈរយ៉ាងរឹងមាំជាមួយប្រជាជនចិន ដើម្បីឆ្លងកាត់និងជំនះរាល់ការលំបាករួម ហើយប្រទេសទាំងពីរពិតជា«មិត្តស្មោះត្រង់»។
សម្ដេចនាយករដ្ឋមន្រ្តី បានសម្តែងការដឹងគុណចំពោះការយកចិត្តទុកដាក់របស់ប្រទេសចិន ចំពោះពលរដ្ឋកម្ពុជានៅប្រទេសចិន ដោយរំពឹងថាដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តបន្ថែមទៀត៕


