លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជាបានបញ្ជាក់ថា ពិភពលោកបានបាត់បង់ដីសើមអស់១ភាគ៣នៃតំបន់ដីសើមទាំងអស់តាំងពីឆ្នាំ១៩៧០។ ការបាត់បង់ដីសើមទាំងនេះ នឹងធ្វើឱ្យមនុស្សជាង១ពាន់លាននាក់នឹងជួបបញ្ហាខ្វះទឹកនិងចំណីអាហារ ហើយ៤០ភាគរយនៃសត្វព្រៃគ្រប់ប្រភេទត្រូវរងគ្រោះ។
ការលើកឡើងនេះនៅក្នុងកម្មពិធីអបអរសាទរទិវាតំបន់ដីសើមពិភពលោក ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ម្សិល។ លោក កែន សេរីរដ្ឋា បានបញ្ជាក់ថា តំបន់ការពារទេសភាពអាងត្រពាំងថ្មស្ថិតក្នុងខេត្តបន្ទាយមានជ័យ កំពុងត្រូវបានអភិរក្ស ហើយក្លាយជាតំបន់ទេសចរណ៍ផ្នែកស្រាវជ្រាវនិងផ្នែកទស្សនាសត្វស្លាបយ៉ាងសំខាន់នាពេលបច្ចុប្បន្ន។
លោកថា«ការចូលអភិរក្សសត្វស្លាបកន្លងមក គឺទទួលបានជោគជ័យ ក្នុងនេះគេឃើញសត្វស្លាបបានកើនចំនួនជាបន្តបន្ទាប់។ ទន្ទឹមជាមួយគ្នា ក៏មានបញ្ហាប្រឈមមួយចំនួនដែរ ក្នុងនេះដូចជាការប្រឈមទៅនឹងទីជម្រកសត្វស្លាប ដោយសារតែការរីកចម្រើនក្នុងតំបន់នេះ ដែលធ្វើឱ្យពលរដ្ឋកាប់ស្ការព្រៃ ការសង់លំនៅដ្ឋាន និងការធ្វើដំណាំកសិកម្មដែលប្រើសារជាតិគីមីជាដើម»។
លោក ស្រ៊ុន ដារិទ្ធ បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់តំបន់ដីសើម៥កន្លែង ទៅជាតំបន់ដីសើម ដែលមានសារៈសំខាន់ជាអន្តរជាតិ ដែលមានឈ្មោះថាតំបន់រ៉ាមសារ គឺតំបន់រ៉ាមសារស្ទឹងត្រែង នៅខេត្តស្ទឹងត្រែង តំបន់រ៉ាមសារកោះកាពិនៅខេត្តកោះកុង និងតំបន់រ៉ាមសារបឹងឆ្មារ ព្រែកទាល់ និងស្ទឹងសែន ស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាប។
លោកបន្តថា កម្ពុជាក៏បានកំណត់តំបន់ដីសើមសំខាន់ៗមួយចំនួន ទៅជាតំបន់ការពារធម្មជាតិ ដែលក្នុងនោះ មានតំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន៥កន្លែង គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដងពែង ពញាក្រែកព្រែកទឹកសាប ក្បាលឆាយ និងបឹងយក្ខឡោម និងតំបន់ការពារទេសភាពចំនួន៦កន្លែងទៀត គឺតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប អន្លង់ព្រីង អាងត្រពាំងថ្ម បឹងព្រែកទប់ បឹងលំកុដ និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
ទន្ទឹមនឹងនោះក្រសួងបរិស្ថានមានផែនការដាក់បញ្ចូលតំបន់ដីសើមសំខាន់ៗមួយចំនួនទៀត ទៅជាតំបន់រ៉ាមសារ ដែលរួមទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្មនេះផងដែរ ដែលតំបន់នេះត្រូវបានគេរកឃើញថា ជាតំបន់ដីសើមដែលមានតួនាទីយ៉ាងសំខាន់ ជួយកាត់បន្ថយទឹកជំនន់ កាត់បន្ថយគ្រោះរាំងស្ងួត ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាប្រភពចំណីដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសសត្វរមាំង ក្រៀល ខ្សឹប ទុងប្រផេះ រនាលពណ៍ រនាលស ត្រដក់តូច ត្រដក់ធំប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ និងប្រភេទសត្វស្លាបសំខាន់មួយចំនួនទៀត ដែលជាប្រភេទទទួលរងនូវការគំរាមកំហែង និងជិតផុតពូជលើពិភពលោកផងដែរ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas