នៅថ្ងៃចន្ទនេះ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២នាក់បន្ថែមទៀត ដែលក្នុងនោះគឺជាក្មេងស្រីជនជាតិសិង្ហបុរីម្នាក់អាយុ២ឆ្នាំ ដែលទើបធ្វើដំណើរមកពីទីក្រុងវ៉ូហានប្រទេសចិន។ ការប្រកាសចំនួនពីរករណីថ្មីនេះ បានធ្វើឱ្យអ្នកឆ្លងសរុបក្នុងប្រទេសសិង្ហបុរីសរុបមានចំនួន៤៥នាក់។
ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានបញ្ជាក់ថា ក្មេងស្រីអាយុ២ឆ្នាំនោះ មិនមានរោគសញ្ញាអ្វីទេ នៅពេលដែលនាងបានឡើងយន្តហោះចាកចេញពីទីក្រុងវ៉ូហានកាលពីថ្ងៃទី៣០មករា ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅពេលចុះចតក្នុងប្រទេសសិង្ហបុរី ប៉ុន្តែត្រូវបានប្រកាសនៅថ្ងៃច័ន្ទថា បានឆ្លងវីរុសកូរ៉ូណា។
ចំណែកករណីទី២ គឺបុរសជនជាតិសិង្ហបុរីអាយុ៣៧ឆ្នាំ ដែលមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។ គាត់ធ្លាប់ធ្វើការជាសន្តិសុខរដ្ឋាភិបាលដែលគេស្គាល់ថាជាប៉ូលីសជំនួយម្នាក់ដែលបានរៀបចំដាក់មនុស្សពីរនាក់មកពីទីក្រុងវ៉ូហាន ឱ្យនៅដាច់ដោយឡែកពីគេ៕
ប្រភព៖ CNA
