រាជធានីភ្នំពេញ ៖ រថយន្តព្រូសបើកបរដោយនារីម្នាក់ ក្នុងល្បឿនលឿន បានជ្រុលទៅទៅបុកផ្លាកការ៉ាស់សាំងមួយកន្លែងស្ថិតនៅចំណុចខាងជើងបុរីហ្គេនភ្នំពេញ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យបាក់ និងបន្តទៅបុកបង្គោលភ្លើងថ្មបាក់អស់ ១ ដើមទៀត តែជាសំណាងអ្នកបើកបរពុំមានរងរបួស។
រថយន្តបង្កខាងលើនេះ ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-0265 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះរត់ចេញពីកន្លែងកើតហេតុ។
បើតាមអ្នកឃើញហេតុការណ៍ថា ដំបូងឡើយគេឃើញនារីស្រស់ស្អាត ម្នាក់បានបើករថយន្តម៉ាកព្រូសតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្តាំដៃទៅបុកផ្លាកការ៉ាស់សាំង L.H.R បណ្តាលឲ្យបាក់អស់ ១ដើម និងបន្តទៅបុកបង្គោលភ្លើងថ្មបាក់អស់១ដើមទៀត ហើយរថយន្តត្រូវបានបង្គោលភ្លើងថ្មបាក់រលំគងពីលើទៅមុខលែងរួច ចំណែកឯអ្នកបើកបរមិនមានរងរបួសនោះទេ ដោយបានបើកទ្វារចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែរថយន្តនៅទីនោះ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកស្ទូចយករថយន្តទៅរក្សាទុករងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕