header ads

Sponsor

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីចំណុចតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រំ នៃតំបន់អរិយក្សត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញស្ពានមិត្តភាពកូរ៉េលេចចេញជារូបរាងឡើងនៅពេលខាងមុខ ខណៈកម្ពុជាទទួលបានជំនួយសម្រាប់កសាងស្ពានមិត្តភាពធំៗមួយចំនួន ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនរួចមកហើយ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ដូច្នេះថា៖ « នៅឆ្នាំ ២០២០ នេះ កម្ពុជាចង់បានស្ពាននិមិត្តរូបនៃមិត្តភាពរវាងកម្ពុជានិងកូរ៉េ ដែលជាស្ពានតម្រូវការចាំបាច់បំផុតមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ ឋនិងអាជីវករពីរាជធានីភ្នំពេញឆ្ពោះទៅកាន់តំបន់អរិយក្សត្រ និងឆ្ពោះទៅតាមបណ្តាតំបន់និងខេត្តផ្សេងៗមួយចំនួនទៀត នៅត្រើយម្ខាងនៃទន្លេមេគង្គ។ បើកម្ពុជាទទួលបានស្ពាននេះមួយទៀត គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង»។

បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ស្ពាននេះអាចចំណាយថវិកាសាងសង់ ប្រមាណជា ៤០ទៅ ៥០លានដុល្លារ។ កន្លងមករដ្ឋាភិបាលកូរ៉េ បានផ្ដល់ជំនួយហិរញ្ញប្បទានប្រមាណ៧០០ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣។

ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដែលចាប់ផ្ដើមបើកដំណើរការសាងសង់នេះ ក៏ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េផងដែរ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១១លានដុល្លារ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ នេះបើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែប្រវែងសរុប ៧២.១៧គីឡូម៉ែត្រនេះ ដែលត្រូវធ្វើឱ្យប្រសើរឡើងវិញនេះ ។ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post