យ៉ាងហោចណាស់មានគ្រូពេទ្យចំនួន៥០០នាក់នៅទីក្រុងវ៉ូហាន បានឆ្លងវីរុសកូរ៉ូណាថ្មីគិតត្រឹមពាក់កណ្តាលខែមករានេះ។ ប្រភពពេទ្យជាច្រើនបានបញ្ជាក់ថា កត្តានេះបានធ្វើឱ្យមន្ទីរពេទ្យ ខ្វះបុគ្គលិកហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមគ្រូពេទ្យផ្សេងទៀត។
រដ្ឋាភិបាលចិនក៏បានរាយការណ៍ ពីករណីគ្រូពេទ្យបានឆ្លងវីរុសនេះដែរ តែមិនបានផ្ដល់ព័ត៌មានពិស្ដារអំពីចំនួនឡើយ ហើយប្រភពបាននិយាយថា គ្រូពេទ្យនិងគិលានុបដ្ឋាយិកា ត្រូវបានគេប្រាប់មិនឱ្យផ្សព្វផ្សាយជាសាធារណៈនោះទេ។
ហេតុផលសម្រាប់បទបញ្ជានេះមិនត្រូវបានពន្យល់ទេ ប៉ុន្តែអាជ្ញាធរបានព្យាយាមលើកកម្ពស់សីលធម៌ ក្នុងចំណោមបុគ្គលិកពេទ្យជួរមុខ ជាពិសេសបន្ទាប់ពីមរណភាពរបស់វេជ្ជបណ្ឌិតលោក Li Wenliang ដែលបានស្លាប់ដោយជំងឺបណ្ដាលមកពីវីរុសនេះ បន្ទាប់ពីត្រូវបានប៉ូលីសស្តីបន្ទោស ដោយសារលោកបានប្រកាសមុនគេឱ្យមានការប្រុងប្រយ័ត្នអំពីវីរុសថ្មី។
គិតត្រឹមថ្ងៃច័ន្ទ នៅក្នុងប្រទេសចិនដីគោក មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីកើនដល់៤២,៦៣៨នាក់ ខណៈអ្នកស្លាប់កើនដល់១,០១៦នាក់៕
ប្រភព៖ South China Morning Post
ផ្ដល់សិទ្ធិដោយ៖ Khmernas