ភ្នំពេញ៖ យុវជនកាកបាទក្រហមកម្ពុជា ចំនួន៧៥០នាក់ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃសេចក្តីស្រលាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ។
លោកវជ្ជបណ្ឌិត តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងដូច្នេះថា «ចលនានៃការចូលរួមរបស់យុវជនក្នុងការបរិច្ចាគឈាមអាចបង្កើតបានជាវប្បធម៌ដ៏ល្អមួយ សម្រាប់សង្គមរបស់យើង មានន័យថា ឈាមបានផ្សាភ្ជាប់ជីវិត និងសេចក្តីស្រឡាញ់ ចំពោះប្រជាជនខ្មែរទូទាំងប្រទេស»។
លោកវេជ្ជបណ្ឌិត បានអំពាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសពិសេសក្រុមយុវជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅសូមបន្តចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នាដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមឲ្យបានទាន់ពេលវេលាខណៈការផ្តល់អំណោយឈាមដោយស្ម័គ្រចិត្តនៅមានកំរិតនៅឡើយពោលគឺមានតែត្រឹម២៥ភាគរយប៉ុណ្ណោះ ដែលតម្រូវឲ្យក្រុមគ្រួសារ ឬសាច់ញាតិ របស់អ្នកជំងឺផ្តល់ឈាមជំនួស។
ឆ្នាំ២០១៩ កន្លងទៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានអំណោយឈាមនៅទូទាំងប្រទេសចំនួន ៩៨០៣១ប្លោកកើនជាងឆ្នាំ ២០១៨ ទទួលអំណោយឈាមបានត្រឹមតែចំនួន៨៣៩៨២ប្លោកកើនជាង១៤ភាគរយ ខណៈនៅឆ្នាំ ២០២០នេះ ត្រូវការឈាមរហូតដល់ទៅជាងមួយសែនប្លោក ព្រោះថា ក្នុងមួយថ្ងៃៗត្រូវការឈាមជាង២៥០ប្លោកដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះផ្សេងៗ៕
អត្ថបទ៖ ចន្ថា
ផ្ដល់សិទ្ធិដោយៈ Khmernas