header ads

Sponsor

ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបង្កើតតំបន់ការពារទេសទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា លើផ្ទៃដីទំហំ ១៣២,០៥ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ការបង្កើតតំបន់នេះឡើង ដើម្បីថែរក្សាការពារវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍតំបន់ធម្មជាតិ។ នេះបើតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពនេះ នៅថ្ងៃទី២៦ កុម្ភៈ។

អនុក្រឹត្យរបស់រដ្ឋាភិបាល បានបញ្ជាក់ថា គោលបំណងនៃការបង្កើតតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា គឺដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌, ការថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។

ក្រៅពីនេះ តំបន់ទេសភាពមួយនេះ ក៏អាចជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងកាអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ និងផ្តល់ផលិតផល ,សេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព ។ ជាពិសេសថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន រួមទាំងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ ដល់សង្គមជាតិគ្រប់ជំនាន់។

រដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ព្រំប្រទល់និងផ្ទៃក្រឡាតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា នឹងត្រូវធ្វើបច្ចុប្បន្នភាពនិងកែសម្រួលតាមការសិក្សាស្រាវជ្រាវនិងទិន្នន័យ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត ដើម្បីធានាតម្លៃ និងផលប្រយោជន៍ធនធានជីវចម្រុះ សេដ្ឋកិច្ច សង្គម និងវប្បធម៌»។

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពាបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព ស្របតាមប្បញ្ញត្តិនៃច្បាប់ជាធរមាន។ នេះបើតាមរដ្ឋាភិបាល ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post