header ads

Sponsor

លោក ឃួង ស្រេង បានជំរុញឱ្យមានការជួសជុលសំណង់ឡៅតឿផ្សារអូឫស្សី ដែលមានសភាពប្រេះស្រាំ ឱ្យបានលឿន ដើម្បីជៀសវាងគ្រោះ​ថ្នាក់ដោយ​ប្រការណាមួយដល់អាជីវករ។ 

ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យផ្សារអូរឫស្សី នៅរសៀល​ថ្ងៃទី ២៥ ខែកុម្ភៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ​មន្ត្រីជំនាញ​ពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងផ្សារអូរឫស្សី។ 

លោក ឃួង ស្រេង បានលើកឡើងថា បច្ចុប្បន្នសំណង់អគារផ្សារ​អូរឫស្សីមានលក្ខណៈ​រឹងមាំ និងមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ដោយឡែកតែ​សំណង់ឡៅ​តឿប៉ុណ្ណោះ ដែលមានសភាពបែកប្រេះស្រាំដោយអន្លើៗ ប្រសិនបើទុកយូរ​បន្តទៀត​អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិ​ជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ២៥ កុម្ភៈ បានប្រកាសពីសមាសភាព​គណៈកម្មការចំពោះ​កិច្ចពិនិត្យផ្សារអូរឫស្សី ដែលមានលោក ឃួង ស្រេង ជាប្រធាន និងមានអភិបាលរង​រាជធានីភ្នំពេញ ៤រូប ជាអនុប្រធាន ដើម្បីជំរុញការងារមួយចំនួននៅក្នុងផ្សារនេះ ទាំងការជួ​សជុល​ផ្សារ ការរៀបចំតូបលក់ដូរបណ្តោះអាសន្ន ខណៈតូបលក់ដូរ​មួយចំនួនធ្វើការជួសជុលកែ លម្អឡើងវិញ ជាមួយនឹងការវិនិយោគផ្សេងៗទៀត។

តូបលក់ដូរបណ្តោះអាសន្នសម្រាប់បងប្អូនអាជីវករផ្សារអូរឫស្សី ដែល​ត្រូវជួល​ជុលតូបក្នុងផ្សារនេះ មានទីតាំងនៅលើបណ្តោយផ្លូវ១១១ ជាប់ខាងកើតផ្សារ​អូរឫ​ស្សីនេះតែម្តង ដោយមកដល់ពេលនេះការសាងសង់តូបលក់ដូរបណ្តោះ​អាសន្ន​នេះសម្រេចបានជិត ១០០ភាគរយហើយ ។ អ្វីដែលជាគម្រោងនៅថ្ងៃទី០៥ ខែ​មីនា ឆ្នាំ២០២០ខាងមុខនេះ អាជីវករអាចមកលក់ដូរបាន ដែលមានចំនួន ១៧០តូប៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post