នៅថ្ងៃទី១២កុម្ភៈ សភាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀតណាម(EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគរបស់សហភាពអឺរ៉ុប-វៀតណាម(EVIPA)។ កិច្ចព្រមព្រៀងEVFTA ត្រូវបានគេរំពឹងថា នឹងបង្កើតការជំរុញដ៏សំខាន់មួយសម្រាប់ការនាំចេញរបស់វៀតណាម ដោយជួយធ្វើពិពិធកម្មការនាំចេញនិងទីផ្សាររបស់ប្រទេសនេះ។
ក្រោមកិច្ចព្រមព្រៀងនេះ វៀតណាមនឹងកាត់បន្ថយពន្ធនាំចូល៦៥ភាគរយ លើទំនិញរបស់សហភាពអឺរ៉ុបបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ដែលមានសុពលភាព១០ឆ្នាំ។ ទន្ទឹមនឹងនេះសហភាពអឺរ៉ុបនឹងកាត់បន្ថយពន្ធជាង៧០ភាគរយលើទំនិញវៀតណាម បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ដែលមានសុពលភាពក្នុងរយៈពេល៧ឆ្នាំ។
ការស្រាវជ្រាវរបស់ក្រសួងផែនការនិងវិនិយោគប្រទេសវៀតណាមបង្ហាញថា គឺកិច្ចព្រមព្រៀងទាំងពីរនេះ នឹងជួយវៀតណាមបង្កើនផលិតផលក្នុងស្រុកសរុប៤,៦ភាគរយ និងការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបកើនឡើង៤២,៧ភាគរយនៅឆ្នាំ២០២៥។
ចំណែកគណៈកម្មការអឺរ៉ុបបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុប នឹងកើនឡើង២៩.៥ ពាន់លានដុល្លារ ហើយការនាំចេញទៅវៀតណាមមាន២៩% នៅឆ្នាំ២០៣៥៕
ផ្ដល់សិទ្ធិដោយ៖ Khmer Nas