អាជ្ញាធរប្រទេសកូរ៉េខាងត្បូង កំពុងប្រញាប់ប្រញាល់បង្កើនចំនួនគ្រែមន្ទីរពេទ្យនៅទីក្រុងDaegu ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លងវីរុសCovid-19នៅទីក្រុងនេះ បន្ទាប់ពីបុរសអាយុ៧៤ឆ្នាំម្នាក់បានស្លាប់នៅផ្ទះ ខណៈកំពុងរង់ចាំចូលព្យាបាលនៅមន្ទីរពេទ្យ។
បុរសដែលមានបញ្ហាក្រលៀនរ៉ាំរ៉ៃ និងបានទទួលការវះកាត់ប្តូរក្រលៀន បានចាប់ផ្តើមត្អូញត្អែរពីជំងឺគ្រុនក្តៅ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អាជ្ញាធរសុខាភិបាលក្រុង Daegu បានតាមដានស្ថានភាពរបស់គាត់ដោយហៅគាត់មកពិនិត្យសុខភាពពីរដងក្នុងមួយថ្ងៃ។
អ្នកជំងឺរូបនេះមានការពិបាកដកដង្ហើមធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃសុក្រនេះ ហើយគាត់បានស្លាប់មុនពេលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ករណីស្លាប់នេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុសCovid-19ក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់១៣នាក់។
បច្ចុប្បន្ន អ្នកជំងឺប្រមាណ៥០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្រុង Daegu ប៉ុន្តែមន្រ្តីគ្រោងនឹងបង្កើនចំនួនគ្រែដល់២,០០០បន្ថែមទៀត នៅសប្តាហ៍ក្រោយ។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានស្នើឱ្យប្រើប្រាស់ពហុដ្ឋានកីឡា និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ជាមន្ទីរពេទ្យបណ្តោះអាសន្ន ហើយចំពោះករណីធ្ងន់ធ្ងរ ទើបបញ្ជូនទៅកាន់មណ្ឌលសុខភាពប៉ុណ្ណោះ៕
ប្រភព៖South China Morning Post
ផ្ដល់សិទ្ធិដោយ៖ Khmernas