
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានការពារដំណើរការត្រួតពិនិត្យចំពោះវីរុសCovid-19 ហើយបាននិយាយថា អវត្តមាននៃករណីរកឃើញវីរុសនេះ ក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីបួននៅលើពិភពលោក ជាអ្នកកាន់សាសនាអ៊ីស្លាម គឺជាពរពីព្រះដ៏មានមហិទ្ធិឫទ្ធិ។
ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង ២៦០ លាននាក់ មិនទាន់បានកត់សំគាល់ករណីណាមួយឡើយ ថ្វីពលរដ្ឋឥណ្ឌូនេស៊ីខ្លះនៅក្រៅប្រទេសបានឆ្លងវីរុសនេះ ក្នុងនោះមាននាវិក៨នាក់នៅលើនាវា Diamond Princess នៅឯកោះយូកូហាម៉ារបស់ប្រទេសជប៉ុនក្ដី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Terawan Agus Putedi បាននិយាយថា សំណាកធ្វើតេស្តលើមនុស្សមនុស្សសង្ស័យចំនួន១៣៤នាក់ បានចេញលទ្ធផលអវិជ្ជមាន។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ប្រសិនបើរហូតដល់វិនាទីនេះទាំងអស់បានចេញលទ្ធផលជាអវិជ្ជមាន នោះវាគឺជាពរជ័យពីព្រះដ៏មានមហិទ្ធិឫទ្ធិ»។
លោកបាននិយាយថា ការធ្វើតេស្តលើអ្នកជំងឺពីរនាក់ដែលបានស្លាប់នៅសប្តាហ៍នេះ បន្ទាប់ពីមានរោគសញ្ញាទាក់ទងនឹងការឆ្លងវីរុសនេះ ក៏មានលទ្ធផលអវិជ្ជមានដែរ៕
ប្រភព៖CNA

ផ្ដល់សិទ្ធិដោយ៖ khmernas