យោងតាមសារព័ត៌មានអ៊ីរ៉ង់ IRNA បានឱ្យដឹងថាលោកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្ត្រីនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូរ៉ូណាថ្មីឬCovid-19។
ការឆ្លងវីរុសទៅលើអនុប្រធានាធិបតីអ៊ីរ៉ង់នេះ បន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Iraj Harirchi ទើបបានប្រកាសថា គាត់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយវីរុសកាលពីថ្ងៃអង្គារ ហើយលោក Mojtaba Zonnour ប្រធានគណៈកម្មាធិការសន្តិសុខនិងគោលនយោបាយជាតិនៃរដ្ឋសភាអ៊ីរ៉ង់បានប្រកាសថា គាត់បានឆ្លងវីរុសនេះកាលពីថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងសុខាភិបាលនិងអប់រំសុខភាពអ៊ីរ៉ង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្ទុះឡើងនៃវីរុសCovid-19នៅអ៊ីរ៉ង់បានឆ្លងទៅដល់មនុស្សចំនួន២៤៥នាក់។
លោក Kianush Jahanpur ប្រធានមន្ទីរទំនាក់ទំនងសាធារណៈនិងព័ត៌មាននៃក្រសួងសុខាភិបាលនិងអប់រំវេជ្ជសាស្ត្រ បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកផ្ទុកមេរោគនេះ២៦នាក់បានស្លាប់៕

ផ្ដល់សិទ្ធិដោយ៖ khmernas