ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបុរសម្នាក់បានលង់ទឹកបឹង ដែលមានជម្រៅត្រឹមតែកន្លះម៉ែត្រប៉ុននោះ បណ្តាលស្លាប់ ដែលមានទីតាំងនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អោប អូន អាយុ ៥៧ ឆ្នាំ មានកូន ៥នាក់ និងរស់នៅភូមិឃុំកើតហេតុខាងលើ។
បុរសខាងលើបានចុះទៅយកទូកនៅក្នុងបឹង ដែលមានជម្រៅទឹកប្រមាណជាជាងកន្លះម៉ែត្ រតែប៉ុណ្ណោះ ប៉ុន្តែចៃដន្យអាក្រក់ក៏បានលង់ទឹកស្លាប់ ហើយបើតាមការពិនិត្យរបស់សមត្ថកិច្ច គឺសង្ស័យថា បុរសរូបនោះខ្យល់គរ រួចក៏ដួលផ្កាត់មុខទៅក្នុងទឹក ទើបបណ្ដាលឲ្យលង់ស្លាប់បែបនេះ។
ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕