ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត លោកឧកញ៉ា គីម ហ៊ាង បានបង្ហាញចំណុចសំខាន់ៗចំនួន៧ ពាក់ព័ន្ធនឹង EBA។ ចំណុចទាំង ៧ រួមមាន៖
១. EBA = Everything but Arms = អ្វីៗគ្រប់យ៉ាងលើកលេងតែអាវុធ! សម្រាប់ប្រទេសកម្ពុជា EBA មានន័យថា យើងអាចនាំទំនិញកម្ពុជាទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៍អឺរ៉ុប (EU) ដោយមិនបាច់បង់ពន្ធ។
២. បើកម្ពុជាបាត់បង់ EBA មួយផ្នែក គឺមានន័យថាទំនិញកម្ពុជាមួយចំនួន ដែលត្រូវយកទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់ពន្ធក្នុងកំរិតណាមួយនោះ។
៣. បើកម្ពុជាបាត់បង់ EBA ទាំងស្រុង គឺមានន័យថាទំនិញកម្ពុជាទាំងអស់ ដែលត្រូវយកទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់ពន្ធគ្រប់ចំនួន
៤. បើកម្ពុជាបាត់បង់ EBA នឹងធ្វើអោយថ្លៃដើមនៃការផលិតទំនិញរបស់កម្ពុជា ដើម្បីទៅលក់នៅសហគមន៌អឺរ៉ុបកើនឡើង ប្រាក់ចំណេញថយចុះ អ្នកវិនិយោគទុនមិនសប្បាយចិត្ត ហើយគេអាចពិចារណាទៅផលិតនៅប្រទេសផ្សេង ដែលមាន EBA។
៥. ឧទាហរណ៌ថា ដើម្បីបានអាវមួយពីកម្ពុជា ទៅលក់នៅសហគមន៌អឺរ៉ុប ក្នុងតម្លៃ៩ដុល្លារ គឺកម្ពុជាត្រូវនាំចូលក្រណាត់តម្លៃ១ដុល្លារ អំបោះពីបរទេសអស់១ដុល្លារ វត្ថុធាតុដើមផ្សេងទៀតពីបរទេសអស់១ដុល្លារ កម្លាំងពលកម្មអស់១ដុល្លារ ចំណាយទៅលើរោងចក្រ ភ្លើង ទឹក រដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម អំពើពុករលួយ អស់២ដុល្លារ ហើយនៅចំណេញបាន ៣ដុល្លារក្នុង១អាវ។
៦. ឧទាហរណ៌ថា បើកម្ពុជាបាត់បង់ EBA នោះ EU នឹងតម្រូវអោយទំនិញកម្ពុជាបង់ពន្ធលើអាវមួយ គឺ១ដុល្លារ ដែលនាំអោយប្រាក់ចំណេញរបស់អ្នកវិនិយោគធ្លាក់ចុះ ពីការចំណេញ៣ដុល្លារក្នុង១អាវ មកត្រឹមចំណេញតែ២ដុល្លារក្នុងមួយអាវ។
៧. ដំណោះស្រាយ គឺកម្ពុជាត្រូវព្យាយាមរក្សា EBA អោយបានទាំងអស់ ឬអោយបានមួយផ្នែកតាមដែលអាចធ្វើទៅបាន! ព្យាយាមផលិតក្រណាត់ អំបោះ និងវត្ថុធាតុដើមផ្សេងទៀតដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម។ កម្មករកម្ពុជាត្រូវតែមានជំនាញជាងមុន តម្លៃភ្លើង ទឹក ជួលរោងចក្រត្រូវតែថោកជាងមុន។ត្រូវតែលុបបំបាត់ ឬកាត់បន្ថយសេវាកម្មរដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម និងអំពើពុករលួយ៕ អត្ថបទ៖ សាវតា
ផ្ដល់សិទ្ធិដោយ៖ Khmernas